ត្រឡប់ក្រោយ

មន្រ្តីគ.ជ.ប ​ប្រៀប​ធៀប​ខ្លូន​ទៅដូចជាសត្វខ្លាក្រដាស​ ​​មិន​​មាន​​ឥទ្ធិពលក្នុង​ការ​សម្រេច​សេចក្តី​​

គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃចន្ទនេះ លើកឡើងថា កន្លងមកខ្លួនមិនបានអនុវត្តនូវសិទ្ធិអំណាច ដែលច្បាប់បានចែងមកពេញលេញនោះទេ បើប្រៀបធៀបទៅដូចជាសត្វខ្លាក្រដាស មិនមានឥទ្ធិពលក្នុង ការសម្រេចសេចក្តី។ ការលើកឡើងបែបនេះ គឺជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា នៅទីស្នាក់ការ គ.ជ.ប ។

សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក មាន សាទិ ទទួលស្គាល់ថា កន្លងមក គ.ជ.ប មិនបានអនុវត្តតាមច្បាប់ដែលបានចែងត្រឹមត្រូវទាំងអស់ទេ ដោយសារតែអំណាចដែលខ្លួនមាន មិនអាចគ្រប់គ្រង​បានស្ថាប័ន​មួយ​ចំនួន។  លោកបន្តថា គ.ជ.ប អាណត្តិមុននិងពេលបច្ចុប្បន្ន ប្រៀបបានដូចជាសត្វខ្លាក្រដាស ដែលមិនមានអំណាចសម្រេចអ្វីទេ។

កន្លងមកនេះស្ថាប័ន គ.ជ.ប បានរងនូវការរិះគន់ជាច្រើន ថាស្ថាប័នមួយនេះ ធ្វើការមិនឯករាជ្យស្ថិតក្រោមសម្ពាធគណបក្សកាន់អំណាច តែទោះជាយ៉ាងណាក្រោយការបោះឆ្នោតអាណត្តិទី៥នេះ គណបក្សឈ្នះឆ្នោតទាំងពីរ បាន​ឯក​ភាព​គ្នា​ធ្វើកំណែទម្រង់ គ.ជ.ប ហើយគណបក្សប្រឆាំង បានជំទាស់ដាច់ខាត ចំពោះការបន្តដាក់ប្រធាន គ.ជ.ប ឲ្យនៅកាន់តំណែងនេះ។

ដកស្រង់ពីគេហទំព័រវីអូឌីដែលបានចេញផ្សាយកាលពីរសៀលថ្ងៃទី២១ មេសា ម្សិលម៉ិញ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា