ត្រឡប់ក្រោយ

និស្សិត​ចំនួន​២រូប ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ជាប់ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅលើបណ្តាញ​​​ច្ចេកវិទ្យា​ព័ត៌មាន​របស់​ស្ថាប័ន​ជាតិ ​

និស្សិតឆ្នាំ ទី ៣ ចំនួន ២រូប នៃសាកលវិទ្យាមួយក្នុងទីក្រុងភ្នំពេញត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១១ មេសា ឆ្នាំ ២០១៤កន្លងទៅនេះ ដោយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាលជាតិ ក្រសួងមហាផ្ទៃ។ នេះបើតាមការបញ្ជាក់ពីលោក គៀត ច័ន្ទថារិទ្ទ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃអង្គារ ទី ២២មេសា ។

គេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារបានដកស្រង់សំដី អ្នកនាំពាក្យរូបនេះ បានបន្តថា អ្នកទាំងពីរ ត្រូវបានឃាត់ខ្លួន ពីបទជាប់ពាក់ព័ន្ធនឹងការវាយប្រហារទ្រង់ទ្រាយធំទៅលើបណ្តាញ បច្ចេកវិទ្យាព័ត៌មានរបស់​ស្ថាប័នជាតិ​សំខាន់ៗ ដែលមានដូចជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងការបរទេស ក្រសួងការពារជាតិនិងសាលារាជធានីភ្នំពេញ ជាដើម។
 
និស្សិតទាំងពីរនាក់ ត្រូវបានគេស្គាល់ថា ជាសមាជិកនៃក្រុម ហេគឃឺអនាមិកកម្ពុជា រឺ Anonymous Cambodia ដែលតែងតែធ្វើការវាយប្រហារ លើគេហទំព័រនៃស្ថាប័នជាតិសំខាន់ៗ ចាប់តាំងពីមុនការបោះឆ្នោតជាតិ​ជ្រើស​រើស​តំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០១៣។ ការវាយប្រហារទាំងអស់នោះមានដូចជា ធ្វើឲ្យគេហទំព័ររអាក់រអួល មិនអាចដំណើរការបាន ជ្រៀតចូលបណ្តាញព័ត៌មានវិទ្យាដោយខុសច្បាប់ និងលួចទិន្នន័យជាតិ សំងាត់ៗ ពីប្រព័ន្ធ​ព័ត៌​មាន និងការកែទំព័រដើមនៃគេហទំព័រ ជាដើម។

សូមបញ្ជាក់ថា សមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានធ្វើការតាមដាន និងសហការស្រាវជ្រាវជាមួយស្ថាប័នFBI ប្រចាំកម្ពុជាអស់រយៈពេលប្រមាណ០៨ខែ ទើបកំណត់ និងឃាត់ខ្លួនជនសង្ស័យ​ទាំងពីរខាង​លើ​បាន។ ទន្ទឹមនោះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកមុខសញ្ញាហេគឃឺជាបក្សពួកនៅ សេសសល់ ដើម្បីនាំខ្លួនមកចាត់វិធានការតាមផ្លួវច្បាប់ជាបន្តទៀត។ ហើយបច្ចុប្បន្ននេះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីរង់ចាំការសម្រេចពីតុលាការ នៅពេលដែលជំនះជម្រះក្តីរួច។

(ប្រភពពីគេហទំព័រនៃវិទ្យុបារាំងអន្តរជាតិជាខេមរភាសា ដែលបានចេញផ្សាយកាលពីថ្ងៃទី២២ មេសា ម្សិលម៉ិញ)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា