ជាថ្មីម្តងទៀតនៅព្រឹកថ្ងៃពុធនេះ គណបក្សសង្គ្រោះជាតិ បានដាក់លិខិតមួយទៅសាលារាធានីភ្នំពេញដើម្បីស្នើយកទីលានប្រជាធិបតេយ្យ សម្រាប់ធ្វើការជួបជុំការឃោសនា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី/ខេត្ត ក្រុង/ស្រុក/ខ័ណ្ឌ សម្រាប់អាណត្តិទី២នេះ បន្ទាប់ពីការស្នើសុំលើកទីមួយ កាលពីថ្ងៃទី១៨ ខេមិនាមុននេះបន្តិច ត្រូវបានសាលារាជធានីភ្នំពេញបដិសេធមិនផ្តល់ឲ្យ។
ជាលិខិតលើកទី២ ដែលស្នើសុំទីលានប្រជាធិបតេយ្យដើម្បីធ្វើការជួបជុំការឃោសនា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោក ម៉ន ផល្លា ជាគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០២ ខែឧសភា ដែលជាថ្ងៃចាប់ ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សសង្គ្រោះ ដឹងចាប់ផ្តើមការជួបជុំគ្នាជាមួយបេក្ខជនតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាក្នុងដំណែងមកពីគបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មុននឹងធ្វើការហែរក្បួនទៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។
ទាក់ទងនឹងបញ្ហានេះ នៅក្នុងពីធីតែងតាំង និងផ្ទេរភារកិច្ច ចៅសង្កាត់និរោធ និងថ្នាក់ដឹកនាំសង្កាត់មួយចំនួនទៀត កាលពីថ្ងៃទី១៩ ខែមេសា គឺក្រោយមួយថ្ងៃនៃការដាក់លិខស្នើសុំជាលើកទីមួយរបស់គណបក្សសង្គ្រោះជាតិ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថាសាលារាជធានីភ្នំពេញនឹងមិនផ្តល់ទីតាំងទីលានប្រជាធិបតេយ្យដើម្បីធ្វើការជួយបជុំណាមួយនោះទេ ដរាបណាតុលាការមិនទាន់បញ្ចប់ការស៊ើបអង្កេតការករណីការផ្ទុះអំពើហិង្សាក្នុងព្រឹត្តិការណ៍បាតុកម្មនាពេលកន្លងមក ដែលបណ្តាលឲ្យមនុស្សមួយចំនួនបានស្លាប់។
បន្ថែមពីនេះទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានចេញជាសេចក្តីណែនាំដល់សាធារណៈជន និងភាគីពាក់ព័ន្ធឲ្យបានដឹងផងដែរថា កុំឲ្យប្រែក្លាយការឃោសនាបោះឆ្នោតទៅជាការ ធ្វើបាតុកម្មឲ្យសោះ។