រដ្ឋមន្ដ្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានប្រាប់ឲ្យដឹងថា ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន គ្រោងនឹងរៀបចំសេចក្ដីព្រាង និងសរសរជាគោលនយោបាយនៅខែឧសភា ឆ្នាំ ២០១៤ ខាងមុខ ដើម្បីជំរុញឲ្យច្បាប់នេះចាប់ផ្ដើមដំណើរការ ហើយការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលព័ត៌មាន គ្រោងនឹងរៀបចំ ឲ្យបានរួចរាល់ក្នុងអំឡុងរយៈពេល ៣ ឆ្នាំ ពោលគឺមុនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ ។ លោករដ្ឋមន្រ្តីអះអាងថា សេចក្តីព្រាងច្បាប់នេះនឹងបើកទូលាយក្នុងការចូលរួមផ្ដល់ ជាមតិ យោបល់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។
បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ម្សិលមិញ ក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំស្ដីពីដំណើរការរៀបចំសេចក្ដីព្រាងគោលនយោបាយស្ដីពីសិទ្ធិទទួលព័ត៌មាន ។ ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ក្រសួងកំពុងតែរៀបចំសេចក្ដីព្រាង ច្បាប់ស្ដីពីសិទ្ធិទទួល ព័ត៌មាន និងបង្កើតឲ្យមានគណៈ កម្មការបើក ទូលាយមួយពីគ្រប់ភាគីពាក់ព័ន្ធដូចជា សមាគម អ្នកកាសែត អង្គការសង្គមស៊ីវិល អង្គការសិទ្ធិមនុស្ស អង្គការយូណេស្កូ និងការិយាល័យឧត្តម ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីចូលរួមផ្ដល់ជាមតិ យោបល់ និងពិភាក្សាឲ្យបានកាន់តែ ទូលំទូលាយ ថែមទៀតនោះ ។
ក្រសួងព័ត៌មានគ្រោងនឹងរៀបចំចុះ អនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការយូណេស្កូ សម្រាប់សហការគ្នាក្នុងការជួយ បណ្ដុះបណ្ដាលធនធានមនុស្ស និងថវិកាក្នុងការចាប់ផ្ដើមដំណើរការសេចក្ដីព្រាង និងសរសេរ ជាគោលនយោបាយនៅខែឧសភា ឆ្នាំ២០១៤ ខាងមុខ។
លោករដ្ឋមន្ត្រីបន្តថា ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះ គឺជាច្បាប់ ដែលបាន គ្របដណ្ដប់ទៅលើច្បាប់ទាំងអស់ ដែលមានការទាក់ទង ទៅនឹងក្រសួង ស្ថាប័នច្បាប់នៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ដែលតម្រូវឲ្យយើងរៀបចំធ្វើជាសិក្ខាសាលាច្រើន ជាមួយស្ថាប័ន ពាក់ព័ន្ធទាំងនោះ ដើម្បីផ្ដល់នូវការយល់ដឹង និងការលើកជាចំងល់ និងជូនជាមតិយោបល់ បន្ថែម សម្រាប់បំពេញបន្ថែម លើការរៀបចំច្បាប់នេះឲ្យមានអត្ថន័យ និងខ្លឹមសារគ្រប់គ្រាន់ ។
ដកស្រង់ពីគេហទំព័រព័ត៌មានថ្មីៗ ចេញផ្សាយនាថ្ងៃទី២៣ មេសា ឆ្នាំ២០១៤។