ត្រឡប់ក្រោយ

ក្រុម​អ្នក​វាយ​លុក​ប្រព័ន្ធ​កុំព្យូទ័រ​អនាមិក​កម្ពុជា ​បន្ត​ជ្រៀត​ជ្រែក​លួច​ចូល​ប្រព័ន្ធ​ទិន្នន័យ និង​វ៉ិប​សាយថ៍រ​ដ្ឋាភិ​បាល​

ក្រោយពីមានរបាយការណ៍អំពីប៉ូលិស កម្ពុជាចាប់ខ្លួនសមាជិក២នាក់នៃ ក្រុមអ្នកវាយលុកប្រព័ន្ធកុំព្យូទ័រអនាមិកកម្ពុជាប៉ុន្មានថ្ងៃមក នេះ កាលពីយប់មិញនៅលើទំព័រ Facebook របស់ក្រុមអនាមិកកម្ពុជាបានដាក់ផ្សាយថា ពួកគេបានជ្រៀតជ្រែកលួចចូលប្រព័ន្ធទិន្នន័យ និងវ៉ិបសាយថ៍រដ្ឋាភិបាលមួយចំនួន ហើយបានចម្លងយកទិន្នន័យឯកជនរបស់វ៉ិបសាយថ៍កម្មវិធីកំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយបន្ទាប់មកដាក់ព័ត៌មានទាំងនោះ ដែលរួមមានឈ្មោះអ្នកប្រើ, អ៊ីមែល និងលេខសម្ងាត់ផ្សាយជាសាធារណៈឲ្យបណ្ដាជនមើលផងដែរ។ នេះបើតាមគេហទំព័រអេប៊ីស៊ីអូស្រ្តាលី ដែលបានចេញផ្សាយនាថ្ងៃទី២៥ មេសានេះ។

ក្រុមអនាមិកកម្ពុជានេះបានដាក់សញ្ញានៃ ក្រុមរបស់ខ្លួនលើវ៉ិបសាយថ៍ខ្លះ ឬដាក់អក្សរឲ្យដឹងថា វ៉ិបសាយថ៍ទាំងនោះបានរងការជ្រៀតជ្រែកចូលពីក្រុមពួកគេ។ ពួកគេក៏បានព្រមានដែរថា នឹងលុប Data File ឬឯកសារទិន្នន័យទាំងអស់នៃវ៉ិបសាយថ៍ទាំងនោះដើម្បីជាការព្រមាន ហើយថា ពួកគេធ្វើនេះគឺដើម្បីលទ្ធិប្រជាធិបតេយ្យជូនប្រជាជនខ្មែរគ្រប់ រូប។

វ៉ិបសាយថ៍មួយចំនួនដែលបានរងការវាយប្រហារដែល វិទ្យុអូស្រ្ដាលីបានឃើញថា មានការជ្រៀតជ្រែកមែន ហើយមិនអាចបើកមើកបានវ៉ិបសាយថ៍មួយចំនួននោះ រួមមានវ៉ិបសាយថ៍សាលាខេត្ដសៀមរាប, វ៉ិបសាយថ៍កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, វ៉ិបសាយថ៍ក្រុមហ៊ុនឯកជនមួយចំនួនទៀត ហើយក៏មានការផ្ដោតគោលដៅលើវ៉ិបសាយថ៍របស់អគ្គស្នងការនគរបាលជាតិ ផងដែរ។

ថ្មីៗនេះប៉ូលិសកម្ពុជាបានឃាត់ខ្លួននិស្សិត វិទ្យាស្ថានស៊ីតិកកម្ពុជាចំនួន២រូប ដែលគេសង្ស័យថាជា សមាជិកនៃក្រុមវាយលុកប្រព័ន្ធកុំព្យូទ័រអនាមិកកម្ពុជា។ បើសិនជាពួកគេត្រូវអាជ្ញាធររកឃើញថា មានទោសមែននោះ ពួកគេនឹងត្រូវជាប់ពន្ធនាគារពី១ខែ ដល់២ឆ្នាំ និងត្រូវផាកពិន័យជាប្រាក់ពី១សែនរៀនដល់៤លានរៀល។

ថ្មីៗ នេះលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្ដិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋាន ICT នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា ខាងលោកបានប្រាប់ឲ្យក្រុមលោក និងស្ថាប័នពាក់ព័ន្ធត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារពីក្រុម វាយលុយប្រព័ន្ធកុំព្យូទ័រអនាមិកកម្ពុជានេះហើយ។

ប្រភពពីគេហទំព័រអេប៊ីស៊ីអូស្រ្តាលី។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា