ត្រឡប់ក្រោយ

នាយក​រដ្ឋ​មន្រ្តី​រិះគន់​សង្គម​ស៊ីវិល​មួយចំ​នួន ​ដែល​តែង​តែ​ស្នើសុំ​ពិនិត្យ​មើ​លសេចក្តីព្រាងច្បាប់​

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី បានរិះគន់សង្គមស៊ីវិលមួយចំនួន ដែលតែងតែស្នើសុំយោបល់សង្គមស៊ីវិល និងប្រជាពលរដ្ឋ។ លោកនាយករដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាល បានស្តាប់ច្រើនហើយពីប្រជាពលរដ្ឋ ហើយបញ្ញត្តិច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺមិនមានការអនុញ្ញាតឲ្យគណៈរដ្ឋមន្ត្រី ប្រគល់សេចក្តីព្រាងច្បាប់ទៅនរណាម្នាក់ គឺមានតែអ្នកព្រាងច្បាប់ បញ្ជូនទៅគណៈរដ្ឋមន្ត្រី និងទៅរដ្ឋសភា ដើម្បីអនុម័ត។ លោកបញ្ជាក់ថា គណៈរដ្ឋមន្ត្រី មិនមានកន្លែងទៅសុំយោបល់សង្គមស៊ីវិល ហើយសង្គមស៊ីវិល កុំអាលទាមទារសិទ្ធិហួសពេល និងសុំឲ្យមានការអៀនខ្មាស និងកុំទាមទារកិច្ចការរបស់គេមកធ្វើ ។ នេះបើយោងតាមគេហទំព័រវីអូឌី ដែលបានចេញផ្សាយនារសៀលថ្ងៃទី២៨ មេសានេះ។

លោកនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ជាការសំដៅទៅរកច្បាប់ចំនួន៣ ដែលទើបតែឆ្លងទៅគណៈរដ្ឋមន្ត្រី គឺសេចក្តីព្រាងច្បាប់ស្តីពីរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីរៀបចំនិងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា។ ទាក់ទងនឹងករណីនេះ លោកបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំងនោះ នឹងត្រូវអនុម័ត លើកលែងតែក្នុងករណីមិនមានកូរ៉ុមគ្រប់គ្រាន់ក្នុងការកោះប្រជុំ។ លោក បន្តថា ដំណើរការរដ្ឋ គឺធ្វើឡើងធម្មតា បើទោះជាគណបក្សប្រឆាំង មិនចូលក្នុងរដ្ឋសភាក៏ដោយ។

កន្លងមកមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវឲ្យរដ្ឋសភាផ្អាកការអនុម័ត រង់ចាំតំណាងរាស្ត្រទាំងអស់របស់គណបក្សនយោបាយទាំងពីរ ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភាចូលកាន់តំណែង និងរង់ចាំសេចក្តីព្រាងច្បាប់នោះឆ្លងការពិភាក្សាពិគ្រោះយោបល់ ពីសាធារណជនឲ្យបានទូលាយជាមុនសិន។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា