អាជ្ញាធរ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ បានរាយលួសបន្លា និងដាក់របាំងបិទទីលានប្រជាធិបតេយ្យ ខណៈដែលបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅទីលានប្រជាធិបតេយ្យ នៅព្រឹកនេះ និងស្របពេលដែលក្រុមសហជីព ព្រមទាំងកម្មករគ្រោងប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភា នៅទីនោះ។
សេចក្តីរាយការណ៍ឲ្យដឹងថា នៅម៉ោងប្រមាណ ៨ព្រឹកនេះ កម្លាំងសមត្ថកិច្ចប្រមាណជាង១០០នាក់ បានដឹកលួសបន្លា និងរបាំងដែក ទៅកាន់ទីលានប្រជាធិបតេយ្យ និងបានរាយលួសបន្លានោះ បិទនៅច្រកចូលផ្នែកខាងមុខ និងដាក់របាំងដែកបិទច្រកចេញចូលផ្សេងៗទៀត ដោយមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលទៅកាន់ទីនោះទេ។
ជាមួយគ្នានេះដែរ លោកស្រី មូរ សុខហួរ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានទៅដល់ទីលានប្រជាធិបតេយ្យ នៅម៉ោង ៨:៣០នាទី ហើយបានកាន់ផ្កាឈូកសចំនួន ៣០ដើម ដើរដោតតាមរបងលួសបន្លានោះ។
ដកស្រង់ពីគេហទំព័រវីអូឌីដែលបានចេញផ្សាយនាព្រឹកថ្ងៃទី៣០ មេសានេះ។
អាជ្ញាធរ ដាក់បន្លាលួសនៅជុំវិញទីលានប្រជាធិបតេយ្យ (Photos from VOD and FB)