ត្រឡប់ក្រោយ

ពល​រដ្ឋ​រាប់​រយគ្រួសារ​នៅស្រុក​ពញ្ញាឮ ​បិទ​ផ្លូ​វជាតិ​លេខ៥ ​ដើម្បី​ទាមទារ​​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធជួយរកដំណោះស្រាយដីធ្លី​

យោងតាមគេហទំព័រអេប៊ីស៊ីអូស្រ្តាលីជាខេមរភាសារដែលបានចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា នៅ ម៉ោងប្រមាណ ១១ព្រឹកថ្ងៃអង្គារ៍ ទី២៩ ខែមេសានេះ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅស្រុកពញ្ញាឮខេត្តកណ្តាលបានបិទ ផ្លូវជាតិលេខ៥ មិនឲ្យមធ្យោបាយធ្វើដំណើរផ្សេងៗ ចរាចរណ៍ឆ្លងកាត់ទេ ដើម្បីទាមទារស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយរកដំណោះស្រាយដីធ្លីដែលត្រូវក្រុមហ៊ុន ផានអ៊ីម៉ិចធ្វើប្លង់កម្មសិទ្ធិរំលោភយក។ តំណាងពលរដ្ឋឲ្យដឹងថា ទំនាស់នេះ មានទាំងដុតកងឡាន និងបិទផ្លូវជាតិផងហើយថា ដីទំនាស់នោះមានជាង ៦០ហិតា។

ភ្លាមៗ វិទ្យុអូស្ត្រាលីមិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនផានអ៊ីម៉ិចដែល ពលរដ្ឋចោទថាបានរំលោភធ្វើប្លង់ដីលើដីកសិកម្មរបស់ពួកគាត់នៅឡើយទេ នៅព្រឹកថ្ងៃអង្គារ។

គេហទំព័រដដែលបានបន្តថាក្រុមប្រជាពលរដ្ឋ ឲ្យដឹងថា បើមិនមានមន្ត្រីក្រសួងពាក់ព័ន្ធចុះជួយរកដំណោះស្រាយលើវិវាទដី ធ្លី នៅឃុំពញ្ញាឮ ស្រុកពញ្ញាឮ ខេត្តកណ្តាល ឲ្យបានទាន់ពេលវេលាទេ ពលរដ្ឋនឹងមិនបើកផ្លូវជាតិលេខ ៥ ឲ្យដំណើរការនោះទេ ហើយនឹងបន្តបិទផ្លូវជាតិនេះជាបន្តទៀតនាថ្ងៃបន្តបន្ទាប់រហូតមាន ដំណោះស្រាយ។

រូបភាពឯកសារ៖ ទំនាស់ដីធ្លីនៅកម្ពុជា (Credit: ABC Licensed)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា