ត្រឡប់ក្រោយ

សេចក្តី​ព្រាង​ច្បាប់​សំខាន់​ទាំងបីពាក់​ព័ន្ធ​នឹង​វិស័យ​តុលាការ​បានទៅ ដល់ដៃរដ្ឋសភាហើយ​

សេចក្តីព្រាងច្បាប់សំខាន់ទាំងបីពាក់ព័ន្ធនឹងវិស័យតុលាការបានទៅ ដល់ដៃរដ្ឋសភាហើយ។ បន្ទាប់ពីបានបើកកិច្ចប្រជុំកាលពីថ្ងៃចន្ទទី២៨មេសា គណៈកម្មាធិការអចិន្ត្រៃយរដ្ឋសភាបានសម្រេចប្រគល់សិទ្ធិឲ្យ គណៈកម្មការនីតិកម្មនិងយុត្តិធម៌ពិនិត្យសេចក្តីព្រាងច្បាប់ទាំងបី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃ អង្គារទី២៩មេសានេះ។

សេចក្តីព្រាងច្បាប់ទាំងបីនោះរួមមាន សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។ ការលេចចេញជារូបរាងឡើងនៃសេចក្តីព្រាងច្បាប់ទាំងបីនេះត្រូវបាន រដ្ឋាភិបាលចាត់ទុកថាជាផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌កម្ពុជា។
 
យោងតាមគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារបានដក់ស្រង់ពីការយល់ឃើញដោយ ក្រុមអ្នកច្បាប់អង្គការសង្គមស៊ីវិលបានរិះគន់សេចក្តីព្រាងច្បាប់ដែល តាក់តែងដោយរដ្ឋាភិបាលនេះ ថាមិនអាចធានាឲ្យប្រព័ន្ធតុលាការកម្ពុជា ឯករាជ្យបានទេ។ ផ្ទុយទៅវិញ ការមិនបានដាក់ឲ្យមានការពិគ្រោះយោបល់ទូលំទូលាយ ត្រូវបានអង្គការសង្គមស៊ីវិលមើលឃើញថា ប្រព័ន្ធតុលាការនៅតែស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលតែដដែលបើទោះជា មានច្បាប់សំខាន់ទាំងបីក៏ដោយ។
 
គេហទំព័រដដែលបានបន្តថា ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាកាលពីថ្ងៃ ចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានអង្គការសង្គមស៊ីវិលឲ្យចេះខ្មាស់អៀននិងកុំឲ្យធ្វើ កិច្ចការលើសពីដែនកំណត់របស់ខ្លួន។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា រដ្ឋាភិបាលបានស្តាប់មតិយោបល់របស់សង្គមស៊ីវិលជាច្រើនរួចហើយ។ ម្យ៉ាងទៀត ច្បាប់មិនអនុញ្ញាតឲ្យរដ្ឋាភិបាលត្រូវយកសេចក្តីព្រាងច្បាប់ទៅឆ្លង អង្គការសង្គមស៊ីវិលទេ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា