ត្រឡប់ក្រោយ

បើ​គណបក្ស​សង្រ្គោះ​ជាតិ​នៅតែយក​ទីលាន​ប្រជាធិបតេយ្យ​សម្រាប់​ឃោសនា​ អាជ្ញា​ធរ​នឹង​បង្រ្កាប​

យោងតាមគេហទំព័រវីអូឌីដែលបានចេញផ្សាយកាលពីម្សិលម៉ិញបានឲ្យដឹងថា មន្ត្រីសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានលើកឡើងថា កម្លាំងសមត្ថកិច្ច នឹងបង្ក្រាបការឃោសនារបស់គណបក្សសង្គ្រោះជាតិ ប្រសិន បើគណបក្សមួយនេះ ប្រកាន់យកទីលានប្រជាធិបតេយ្យជាទីតាំងធ្វើយុទ្ធនាការឃោសានា។

លោកបន្តថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សនយោបាយទាំងអស់ ធ្វើការប្រមូលផ្តុំ ឬការហែក្បួននៅតាមទីតាំងសាធារណៈឡើយ ប៉ុន្តែសាលារាជធានី អនុញ្ញាតឲ្យធ្វើសកម្មភាពផ្សេងៗនៅតាមទីស្នាក់ការ និងនៅតាមទីឯកជននានា។

លោកបញ្ជាក់ថា ប្រសិនបើCNRP នៅតែបន្តធ្វើសកម្មភាពឃោសនាផ្សេងៗនៅទីលានប្រជាធិបតេយ្យ នោះគឺជាសកម្មភាពដែលផ្ទុយនឹងបំរាមរបស់សាលារាជធានីភ្នំពេញ ហើយអាជ្ញាធរមានសមត្ថកិច្ច នឹងបញ្ឈប់រាល់ការឃោសនាទាំងអស់របស់គណបក្សនយោបាយ។

សេចក្តីជូនដំណឹងរបស់គណបក្ស ឲ្យដឹងថា គណបក្ស នឹងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នៅថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ២:០០ រសៀល នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ យុទ្ធនាការឃោសនាបោះឆ្នោតនេះ នឹងដឹកនាំដោយលោក សម រង្ស៊ី និង  អនុប្រធាន លោក កឹម សុខា។ គណបក្សបន្តថា សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញបងប្អូនជនរួមជាតិ ពិសេសយុវជន យុវតី ចូលរួមក្នុងយុទ្ធនាការឃោសនានេះ ឲ្យបានច្រើនកុះករ និងជាការអញ្ជើញអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដើម្បីយកព័ត៌មានតាមការគួរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា