ត្រឡប់ក្រោយ

គណ​បក្ស​នយោបាយ​ធ្វើឃោសនា​ថ្ងៃ​ដំបូង ​សម្រាប់​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​

បើយោងតាមគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារដែលបានចេញនារសៀលថ្ងៃទី០២ខែឩសភា ដែលជាថ្ងៃដំបូងនៃការចាប់ផ្តើមឃោសនារកសម្លេងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានឲ្យដឹងថា៖
-គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ បានប្រមូលផ្តុំសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន មកជួបជុំនៅតាមទីស្នាក់ការបក្ស ខេត្ត ក្រុង ស្រុក ខណ្ឌ រៀងៗខ្លួន ដោយនិយាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនតែប៉ុណ្ណោះ។ ការជួបជុំ បានធ្វើឡើងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី២ឧសភា រហូតដល់ថ្ងៃ ទី១៦ឧសភា។ នេះបើតាមការបញ្ជាក់ពីលោក ជាម យៀប និងលោក ឈាង វុន សមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។
 
-ចំណែកឯគណបក្សហ្វុនស៊ីនប៉ិច គ្រាន់តែជួបជុំជាមួយអង្គបោះឆ្នោតនៅតាមខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីលោក ធៀង វណ្ណដារ៉ុង សមាជិកគណបក្ស ហ្វុនស៊ិនប៉ិច។ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានដាក់បេក្ខភាពក្រុមប្រឹក្សាខេត្តចំនួន៤ និងបេក្ខភាពក្រុមប្រឹក្សា ក្រុង ស្រុកចំនួន២។ គណបក្សនេះមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោតចំនួន ១៥១រូប។

-ដោយឡែក គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោក ខឹម វាសនា នៅថ្ងៃនេះ គឺគ្រាន់តែចាក់ភ្លេង និង កម្មវិធីនយោបាយនៅតាមផ្សារនិងទីប្រជុំជនមួយចំនួននៅក្នុងស្រុកសូត្រ និគមខេត្តសៀមរាប។ ជាស្រុកតែ១គត់ ដែលគណបក្សនេះឈរឈ្មោះ។ គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ មានសមាជិក ឃុំ ចំនួន៥រូបនៅក្នុងស្រុកនេះ។ នេះបើតាមការបញ្ជាក់ពីលោក ខឹម វាសនា ជាប្រធានគណបក្ស។

-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដែលចូលរួមដំបូងនៅក្នុងការបោះឆ្នោតអសកលនេះ ក៍មិនបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំនោះដែរ។ នេះបើតាមការបញ្ជាក់ពីលោក ចាន់ យ៉េត ប្រធានស្តីទីគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា