ត្រឡប់ក្រោយ

ក្រសួង​ព័ត៌​មាន​ចាត់​ទុក​ការ​គំរាម ​ហិង្សា ​លើ​អ្នក​ការសែត​ជា​ការរំលោភ​បំពាន​ធ្ងន់ធ្ង​រដល់​សេរីភាព​សារព័ត៌​មាន​នៅ​កម្ពុជា​

ក្រសួងព័ត៌មានបានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៤ ឧសភា ដោយចាត់ទុកការគំរាមកំហែងអំពើហិង្សា ការរឹបអូសម្ភារៈ និងការប្រមាថចំពោះអ្នកកាសែត ជាការរំលោភបំពានធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាននៅកម្ពុជា។

ក្រសួងព័ត៌មាន អំពាវនាវដល់ក្រុមអ្នកតវ៉ា បាតុករ និងអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ត្រូវប្រកាន់យកនូវការអនុវត្តសិទ្ធិសេរីភាព និងសមត្ថកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់។
ការចេញសេចក្ដីថ្លែងការណ៍នេះ ធ្វើឡើង២ថ្ងៃ ក្រោយមានការវាយប្រហារហិង្សាទៅលើអ្នកកាសែត វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) និងអ្នកកាសែតបរទេស កាលពីថ្ងៃទី២ ឧសភា នៅពេលដែលពួកគេទៅយកព័ត៌មាន និងថតផ្ដិតយកសកម្មភាពដែលក្រុមសន្តិសុខខណ្ឌដូនពេញ វាយទៅលើពលរដ្ឋ និងអ្នកតវ៉ា នៅក្បែរទីលានប្រជាធិបតេយ្យ។

ក្រុមអ្នកសារព័ត៌មានបានបង្ហាញការព្រួយបារម្ភចំពោះការវិវត្តន៍ ចុងក្រោយរបស់កម្លាំងបង្ក្រាបបាតុកម្មប្រឆាំងអ្នកតវ៉ា ហើយយុទ្ធសាស្ត្រនៃការបង្ក្រាបនេះ បានងាកទិសដៅមកលើអ្នកសារព័ត៌មាន នៅពេលដែលកម្លាំងបង្ក្រាបទាំងនោះ មិនចង់ឲ្យធ្លាយរូបភាព ឬព័ត៌មានពីការប្រើអំពើហិង្សាផ្សព្វផ្សាយជាសាធារណៈ តាមទំព័រសារព័ត៌មាននានា។

សម្រាប់ឆ្នាំ២០១៤ នេះ អង្គការឃ្លាំមើលសេរីភាពសារព័ត៌មាន ឈ្មោះ  ហ្វ្រីឌឹម ហោស (Freedom House) បានចាត់ថ្នាក់ប្រទេសកម្ពុជា ជាប់លេខរៀងទី១៤៧ ជាប្រទេសគ្មានសេរីភាពក្នុងចំណោមប្រទេស១៩៧។ គិតមកត្រឹមឆ្នាំ២០១៤ នៅកម្ពុជា មានអ្នកសារព័ត៌មានចំនួន ១២នាក់ត្រូវបានសម្លាប់។

ដកស្រង់ពីគេហទំព័រព័ត៌មានវិទ្យុអាស៊ីសេរី ចេញផ្សាយនាថ្ងៃទី០៤ ខែឩសភា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា