ត្រឡប់ក្រោយ

ឧត្តម​ស្នង​ការរង​ផ្នែក​សិទ្ធិ​មនុស្សរបស់ អ.ស.ប ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​បម្រាម​ហាម​ជួបជុំ ​និង​ស៊ើប​អង្កេត ​ករណី​បាញ់​សម្លាប់​កម្មករ​

ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) លោកស្រី Flavia Pansieri នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ថា ស្នើសុំឲ្យរាជរដ្ឋាភិបាល ដកបម្រាម នៃការជួបជុំគ្នា ចេញវិញ ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងឲ្យអ្នកចង់បញ្ចេញយោបល់ផ្សេងៗ បានបញ្ចេញមតិ របស់ ខ្លួន ជាពិសេស នៅលើទីលានប្រជាធិបតេយ្យ។ នេះបើយោងតាមគេហទំព័រសម្លេងសារព័ត៌មានសេរីដែលបានចេញផ្សាយនាថ្ងៃទី០២ ខែឩសភា ឆ្នាំ២០១៤។

ព្រមជាមួយគ្នានេះដែរ លោកស្រី បានស្នើឲ្យរាជរដ្ឋាភិបាលធ្វើការស៊ើបអង្កេត ករណីបាញ់សម្លាប់កម្មករ ចំនួន ៤នាក់ នៅលើកំណាត់ផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៑០៣និង០៤ខែមករា ឆ្នាំ២០១៤ កន្លងមកនេះ។

គេហទំព័រដដែលបានបន្តថា ឧត្តមស្នងការរង អ.ស.ប រូបនេះ ក៏បានកោតសរសើរទៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តគោល នយោបាយ ចុះវាស់វែងដីធ្លី និងចុះបញ្ជីកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលប្រកបទៅដោយ ភាពរលូន កាលពីអំឡុង ឆ្នាំ២០១២កន្លងមក រហូតដល់បានជាង២លានក្បាល។

ពាក់ព័ន្ធនឹងសេដ្ឋកិច្ច ត្រូវបាន លោកស្រី Flavia Pansieri អះអាងថា ប្រទេសកម្ពុជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរឲ្យ កត់សម្គាល់ ដែលខុសពី៤ឆ្នាំមុន។ អ្នកស្រីបានបញ្ជាក់ថា សេដ្ឋកិច្ចដ៏រឹងមាំនឹងនៅក្នុងពេលបច្ចុប្បន្ននេះបានបង្ហាញពី សង្គមមួយដែលមានថាមពល និងបានត្រៀមខ្លួនជាច្រើននៅក្នុងការកសាងសង្គមកម្ពុជា។

បើទោះជាយ៉ាងណាក្ដីលោកស្រីឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានលើកឡើងពីបញ្ហាមួយចំនួន ដែលកំពុងប្រឈមដូចជាបញ្ហាសិទ្ធិមនុស្ស និងបញ្ហាដីធ្លី ជាពិសេសបញ្ហាដែលទើបកើតមានថ្មីៗនាពេលកន្លងមកនេះ។

ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) លោកស្រី Flavia Pansieri (Photo: សម្លេងសារព័ត៌មានសេរី)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា