ត្រឡប់ក្រោយ

អង្គ​ការ​ឃ្លាំមើលសិទ្ធិ​មនុស្ស​អំពាវ​នាវឲ្យរដ្ឋាភិបាល​ដក​ចេញ​សេចក្តី​ព្រា​ងច្បាប់​ស្តី​ពីកំណែទម្រង់​ប្រព័ន្ធ​តុលា​ការ​ដែល​គ្មាន​លក្ខណៈស្តង់ដារ​

អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW  បានអំពាវនាវឲ្យរដ្ឋាភិបាលដកចេញសេចក្តីព្រាងច្បាប់ ចំនួន ៣ ស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការដែលគ្មានលក្ខណៈស្តង់ដារដោយនិយាយ ថា ការអនុម័តសេចក្តីព្រាងច្បាប់ទាំងបីនេះក្នុងទម្រង់បច្ចុប្បន្ននឹង មិនធ្វើឲ្យមានឯករាជភាពរវាងអង្គតុលាការនិងរដ្ឋាភិបាលឡើយ ហើយវានឹងផ្តល់អំណាចដល់រដ្ឋមន្រ្តីយុត្តិធម៌នូវអំណាចច្រើនលើសពីភាពសម ហេតុផលដែលនេះនឹងធ្វើឲ្យគណបក្សប្រជាជនអាចពង្រឹង នូវអ្វីដែលគេដឹងថា ជាការគ្រប់គ្រងលើតុលាការ។ នេះបើយោងតាមគេហទំព័រភ្នំពេញប៉ុស្តិ៍ ចេញផ្សាយនាថ្ងៃទី០៥ ឩសភា ឆ្នាំ២០១៤។

HRW អំពាវនាវឲ្យច្បាប់នេះត្រូវបាន «ដកចេញយ៉ាងហោចណាស់រហូតដល់មានការពិគ្រោះយោបល់ជាសាធារណៈគ្រប់គ្រាន់» ដែលនេះជាអ្វីដែលរដ្ឋាភិបាលបានហៅរួចហើយថា មិនចាំបាច់។

គេហទំព័រដដែលនេះបានបន្តថា នាយកប្រចាំអាស៊ីរបស់ HRW លោក Brad Adams បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍នេះថា៖ «រដ្ឋាភិបាល កម្ពុជា បានសន្យាជាប្រចាំទៅប្រជាជនកម្ពុជានិងម្ចាស់ជំនួយថា នឹងបោះជំហានបង្កើតឲ្យមានប្រព័ន្ធតុលាការឯករាជ្យមួយ ប៉ុន្តែបានបរាជ័យទាំងស្រុង។ តាមរយៈការអនុម័តច្បាប់ដែលផ្តល់អំណាចដល់រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ លើស្ថាប័នគ្រប់គ្រងរបស់តុលាការលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាចធ្វើឲ្យអំណាចនៃការគ្រប់គ្រងលើតុលាការរបស់គាត់មានលក្ខណៈជា ផ្លូវការ»។

លោកបន្តថាតាមច្បាប់ថ្មីនេះរដ្ឋមន្រ្តីក្រសួង យុត្តិធម៌ និងតំណាងដទៃទៀតរបស់ក្រសួងនឹងកាន់តំណែងធំនៅក្នុងឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រមដោយនេះធ្វើឲ្យមានក្តីបារម្ភថា សេចក្តីសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនឹងអាចរង ឥទ្ធិពលនយោបាយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា