ត្រឡប់ក្រោយ

​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បង្ហាញ​អត្ត​សញ្ញាណ មន្ត្រី​សង្ស័យ ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​

ក្នុងសន្និសីទកាសែត លោក នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយថ្លែងថាជនសង្ស័យចំនួនពីររូប ឈ្មោះស្រ៊ុន ឡាំ អធិការ និងលោក ម៉ុក ហ៊ត អធិការរងនៃ អធិការដ្ឋាននគរបាល ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានឃាត់ខ្លួននៅ ថ្ងៃទី១៨ខែមិនាឆ្នាំ២០១៤ ហើយនឹងត្រូវ បញ្ជូនទៅសាលាដំបូងខេត្តកំពតពីបទប្រព្រឹត្តអំពើពុករលួយនិងបទ ល្មើសផ្សេងទៀតចំនួន៨។

លោកបញ្ជាក់ថា៖ «គឺគាត់បានរួមគ្នាប្រព្រឹត្តបទល្មើសទីមួយគឺបទកេងយកផលប្រយោជន៍ ដោយខុសច្បាប់បានប្រព្រឹត្តអំពើយ៉ាងជាក់លាក់មួយគឺគាត់បានកាត់យក ប្រាក់មួយចំនួនពីបៀវត្សរ៍មន្ត្រីក្រោមឱវាទរបស់គាត់»។ ក្នុងចំណោមបទល្មើសក៏មានការតម្រូវឱ្យមន្ត្រីចរាចរណ៍និងអាជីវករបង់ ប្រាក់ប្រចាំខែ ដែលសរុបជាទឹកប្រាក់ជាង២៤៧លានរៀលគិតចាប់តាំងពី ឆ្នាំ២០១០មក។

ចំណែកឯមន្ត្រីថ្នាក់ក្រោមម្នាក់ទៀត ឈ្មោះ សោម អ៊ុំមុនីរ៉ា ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាប្រចាំខេត្តតាកែវ ត្រូវបានឃាត់ខ្លួនពីបទកិបកេង ថវិការដ្ឋប្រមាណជា៤៤៩លានរៀល។

លោក នួន បូផល បន្ថែមថាគិតចាប់ពីដើមឆ្នាំ២០១៤មក អង្គភាពរបស់ខ្លួន បានឃាត់ខ្លួនមន្ត្រីរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ចំនួនជិត១០នាក់ហើយ។

យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាន រិះគន់ថាមន្ត្រីដែលចាប់ខ្លួននាពេលកន្លងមកសុទ្ធសឹងជាមន្ត្រី តូចតាចប៉ុណ្ណោះ។

អង្គការតម្លាភាពអន្តរជាតិបានចាត់ចំណាត់ថ្នាក់កម្ពុជាក្នុងលេខរៀង ទី១៦០ក្នុងចំណោម១៧៧ប្រទេសដែលមានអំពើពុករលួយខ្ពស់ជាង គេ។ ចំណាត់ថ្នាក់នេះធ្វើឱ្យកម្ពុជាជាប្រទេសមានអំពើពុករលួយ ធ្ងន់ធ្ងរបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៣។

ហើយបើតាមស្ថាប័នយូអេសអេអាយឌី (USAID) របស់សហរដ្ឋអាមេរិកឱ្យដឹងថាកម្ពុជាបានបាត់បង់ថវិកាយ៉ាងតិច៥០០ លានដុល្លារជារៀងរាល់ឆ្នាំទៅលើអំពើពុករលួយ។

ដកស្រង់ពីគេហទំព័រព័ត៌មានវីអូអេជាខេមរភាសារចេញផ្សាយនាថ្ងៃទី០៧ ឩសភា ឆ្នាំ២០១៤នេះ។

លោក ឱម យិនទៀង (រូបកណ្តាល) ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងសន្និសីទកាសែតមួយដែលរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើ ពុករលួយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ (Photo:VOA)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា