ត្រឡប់ក្រោយ

លិខិត​ឆ្លើយ​បំភ្លឺ​ខុទ្ទ​កាល័យនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ចំពោះ​កា​រលើក​ឡើ​ងរបស់អ​ង្គការ​មួយ​ពាក់​ព័ន្ធ​ការកាប់ព្រៃ​

ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញប្រតិកម្ម ចំពោះការលើកឡើង របស់លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយ, ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិមនុស្ស ដែលបាន​និយាយ​ប្រាប់​កា​សែត​ភ្នំពេញប៉ុស្តិ៍ថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីមិនទទួលយកលិខិតសុំឲ្យបញ្ឈប់ការកាប់ឈើ របស់ខ្លួននោះ។

ប្រតិកម្មតបរបស់ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនធ្វើឡើងនៅក្នុងលិខិតចុះថ្ងៃទី៦ ខែឧសភា មានខ្លឹមសារថា ខុទ្ទកាល័យ មិនដែលស្គាល់មុខឈ្មោះជា ហ៊ាន ទេ។ ខុទ្ទកាល័យសូមស្នើឲ្យ លោក ជា ហ៊ាន បញ្ជាក់ឡើងវិញអំពីពេលវេលា និងបានជួបជាមួយមន្ត្រីខុទ្ទកាល័យឈ្មោះអ្វី ? នៅកន្លែងណាជាដើម។

លោក ហូ សិទ្ធី បានបន្ថែមថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី មិនមែនជាកន្លែងទទួលពាក្យបណ្តឹង ឬពាក្យ តវ៉ាឡើយ។ ដោយឡែកចំពោះរឿងព្រៃឈើ ខុទ្ទកាល័យ បញ្ជាក់ថា ត្រូវដាក់ពាក្យបណ្តឹងតាមរយៈអភិបាលខេត្ត ដែលជាប្រធាន​គណៈ​បញ្ជាការឯកភាពខេត្ត ឬមានស្ថាប័នដទៃទៀត ដែលអាចទទួលយកទៅពិនិត្យ គឺក្រសួងកសិកម្ម ឬអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើជាដើម។

យោងតាមRadio Australia គេមិនអាចទាក់ទង លោក ជា ហ៊ាន ដើម្បីបំភ្លឺ ជុំវិញប្រតិកម្មរបស់នាយកខុទ្ទកាល័យប្រមុខដឹកនាំពេលនេះបានទេ។ ប៉ុន្តែនៅក្នុងអត្ថបទ ចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៦ ខែឧសភា លោក ជា ហ៊ាន បាននិយាយថា កាលពីថ្ងៃទី៥ ខែឧសភា រូបគាត់បានដាក់លិខិតសុំកិច្ចអន្តរាគមន៍បន្ទាន់ ទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយបញ្ឈប់បទល្មើសព្រៃឈើក្នុងខេត្តចំនួន៤ ប៉ុន្តែមន្ត្រី​ខុទ្ទ​កា​ល័យ​មិន​ព្រម​ទទួល​យក។

គេហទំព័រដដែលនេះបានបន្តថា លោក ឈឹម សាវុធ នាយកប្រតិបត្តិអង្គការការពារធនធានធម្មជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា កន្លងមករាល់លិខិតស្នាមផ្សេងៗ ទាក់ទងបទល្មើសកាប់បំផ្លាញព្រៃឈើ ដែលរូបលោកបានដាក់​ជូនទៅ​ស្ថាប័នពាក់ព័ន្ធ មិនមានអ្នកបដិសេធទេ ប៉ុន្តែមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធទាំងនោះ មិន ដែលមានចំណាត់ការម្តងណា ទេ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា