ត្រឡប់ក្រោយ

របាយការណ៍អគ្គស្នងការនគរបាលជាតិ ស្តីពី ស្ថានភាពសន្តិសុខទូទៅ នៅក្នុងប្រទេសកម្ពុជា

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៧ ខែឧសភា  បានលើកឡើងពីស្ថានភាពសន្តិសុខទូទៅ នៅក្នុងប្រទេសកម្ពុជា។ របាយការណ៍បង្ហាញថា ផែនសន្តិសុខបានដើរតួនាទី​ដ៏សំខាន់រួមចំណែកលើកិច្ចការពារ​បាន​យ៉ាង ល្អប្រសើរនូវបរិយាកាសសន្តិភាព សន្តិសុខជាតិ សណ្តាប់សង្គម ពុំអនុញ្ញាតឲ្យក្រុមចលនាអមិត្ត និងពួកប្រតិកិរិយាផ្សេងៗ មានឱកាសធ្វើសកម្មភាពអ្វីរំខានដល់ការអនុវត្តគោលនយោបាយរបស់រាជ រដ្ឋាភិបាលបានឡើយ។

កិច្ចសហការបង្ក្រាបដោយប្រសិទ្ធិភាពនូវសកម្មភាពបទល្មើសឆ្លងដែន ដូចជា ករណីចាប់ជំរិតទារប្រាក់តាមទូរស័ព្ទ ករណីលួចចូលមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ករណីជួញដូរគ្រឿងញៀនជាដើម។

ចលនាមហាជនឲ្យមានការយល់ដឹង និងចូលរួមក្នុងយន្តការ រក្សាសន្តិសុខសុវត្ថិភាព មូលដ្ឋានយល់ច្បាស់ពីតម្លៃសន្តិភាព។ ទប់ស្កាត់បង្ក្រាបទាន់ពេលវេលា បណ្តាសកម្មភាពប្រតិកិរិយា ការបាចខិតប័ណ្ណ ការប៉ុនប៉ងកសាងកំលាំង ប្រដាប់អាវុធខុសច្បាប់ ព្រមទាំងបទល្មើសព្រហ្មទណ្ឌផងដែរ។

ទោះជាយ៉ាងនេះក្តីពិនិត្យតាមនិន្នាការ និងឥទ្ធិពលរបស់ពិភពលោក ក៏ដូចជាក្នុងតំបន់នាពេលថ្មីៗនេះ យើងអាចធ្វើការវាយតម្លៃនិងសន្និដ្ឋានដូចខាងក្រោម ៖
-ទោះបីកម្ពុជាមិនអាច ក្លាយជាគោលដៅផ្ទាល់ នៃការវាយប្រហារដោយអំពើភេរវកម្ម អន្តរជាតិក៏ដោយ ក៏បណ្តាស្ថានទូត ស្ថានបេសកកម្មបរទេស ប្រតិភូអន្តរជាតិ អ្នកទេសចរណ៍និងគោលដៅវិនិយោគមួយចំនួន នៅតែអាចជាគោលដៅនៃការប៉ុនប៉ង វាយប្រហាររបស់ក្រុមភេរវកម្មអន្តរជាតិ។
-ពិនិត្យតាមសភាពការណ៍វិវឌ្ឍន៍ផ្នែកនយោបាយ នាពេលថ្មីៗនេះ បង្ហាញថាក្រុមអ្នកនយោបាយ អមិត្តនៅតែចិញ្ចឹមគំនុំប៉ុនប៉ង ធ្វើសកម្មភាពភេរវកម្ម បង្កចលាចលសង្គម ធ្វើការបំផ្លិចបំផ្លាញ ឬសកម្មភាពកេងយកចំណេញផ្នែកនយោបាយ បំរើមហិច្ឆិតារបស់គេផងដែរ។
-ពពួកឧក្រិដ្ឋជន អន្តរជាតិ ដែលមានការចាត់តាំង នៅតែអាចបន្ត ធ្វើសកម្មភាពឆ្លងកាត់ លាក់ខ្លួន និងអាចបន្តប្រើប្រាស់ទឹកដីកម្ពុជា ធ្វើសកម្មភាពឧក្រិដ្ឋផ្សេងៗក្នុងករណី ដែលមានឱកាសអំណោយផល។

-គោលនយោបាយបើកចំហជើងមេឃ និងគោលនៃការអូសទាញអ្នកទេសចរណ៍ ឲ្យធ្វើដំណើរមកកម្ពុជាគឺជាឱកាសមួយដ៏ប្រសើរ នៃការធ្វើទេសន្តប្រវេសន៍ខុសច្បាប់និង ការឆ្លៀតឱកាស ជ្រៀតចូលដោយស្របច្បាប់ របស់មុខសញ្ញាអន្តោប្រវេសន៍ ក៏ដូចជាមុខសញ្ញាភេរវជន និងឧក្រឹដ្ឋជនមួយចំនួន នៅក្នុងករណីដែលប្រព័ន្ធគ្រប់គ្រងអន្តោប្រវេសន៍កម្ពុជា មិនទាន់បានពង្រឹងឲ្យបានត្រឹមត្រូវ។
-បញ្ហាអូសបន្លាយ នៃសកម្មភាពបាតុកម្មរបស់គណបក្សប្រឆាំង និងកម្មករគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់សន្តសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសចំពោះអ្នកវិនិយោគិន ដែលទាមទារឲ្យមានការស្វែងរកដំណោះស្រាយមួយសមស្រប និងឆាប់រហ័ស។

ដកស្រង់ពីគេហទំព័រសម្លេងសារព័ត៌មានសេរី ចេញផ្សាយកាលពីថ្ងៃទី០៧ ឩសភា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា