គិតមកដល់ពេលនេះមានអ្នកស្ម័គ្រចិត្តដែលរួមទាំងសង្គមស៊ីវិល និង បុគ្គលឯកជនចំនួនប្រមាណជាង១៤០០នាក់ហើយដែលបានចុះឈ្មោះចូលរួមធ្វើជា អ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើតាមការបញ្ជាក់ឲ្យដឹង របស់លោកស្រី ម៉ា សូយ៊ិនដា ប្រធាននាយកដ្ឋានអប់រំ បង្ការ និង ទប់ស្កាត់នៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានប្រាប់នាថ្ងៃព្រហស្បត្តិ៍ ទី ០៨ ឧសភានេះ។
លោកស្រីបានបញ្ជាក់បន្ថែមថា ចំពោះបុគ្គលឯកជនដែលបានមកចុះឈ្មោះសង្កេតការណ៍នេះភាគច្រើនជា និស្សិត។ ចំណែកសង្គមស៊ីវិលវិញលោកស្រីមិនបានចាំឈ្មោះនោះទេ។ការចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ជាដៃគូជាមួយអង្គភាពប្រឆាំង អំពើពុករលួយដើម្បីសង្កេតមើលដំណើរការប្រឡងនេះបានធ្វើឡើងកាលពីថ្ងៃ ទី ៣០ មីនា និង ឈប់ទទួលចុះឈ្មោះនៅថ្ងៃទី០១ កក្កដា ឆ្នាំ២០១៤។
អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី ៣០ មីនាកន្លងទៅ បានជូនដំណឹង និងអញ្ជើញសង្គមស៊ីវិលឲ្យចូលរួមសង្កេតការណ៍ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិពេលខាងមុខ ដើម្បីឲ្យការប្រឡងធ្វើឡើងដោយស្មើភាព យុត្តិធម៌ គុណភាព តម្លាភាព និង បង្កើតជាទម្លាប់ថ្មីល្អនាពេលខាងមុខទៀត។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឫបាក់ឌុប ឆ្នាំសិក្សា ២០១៣-២០១៤ នឹងធ្វើឡើងនៅថ្ងៃទី ០៤ និង ០៥ ខែសីហា ខាងមុខនេះ។ចំណាត់ការ និង ការរឹតបន្តឹងរបស់ក្រសួងអប់រំ យុវជន និង កីឡា សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយចំពោះដំណើរការប្រឡងនៅ ឆ្នាំនេះគឺជារឿងមួយ ប៉ុន្តែអ្វីដែលមហាជនចង់ឃើញនោះគឺការប្រឡងប្រកបដោយគុណភាព ស្មើភាព និងគ្មានអំពើពុករលួយ។
ដកស្រង់ពីគេហទំព័ត៌វិទ្យុបារាំងអន្តរជាតិជាខេមរភាសារដែលបានចេញផ្សាយនាថ្ងៃទី០៨ ឩសភា ឆ្នាំ២០១៤នេះ។