ត្រឡប់ក្រោយ

តុលា​ការ​កំពូល​សម្រេច​តម្កល់​សាលដីការបស់​សាលាឧទ្ឋរណ៍ ដោយ​​ឲ្យ​លោក​ វន់ ពៅ ​ និង​មនុស្ស​២០នាក់ផ្សេងទៀត ឲ្យនៅជាប់ឃុំបន្ត​

ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក ឃឹម ប៉ុន នៅព្រឹក្សថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤នេះ បានប្រកាស សាលដីកា ដោយសម្រេច តម្កល់សាលដីការបស់សាលា ឧទ្ឋរណ៏ទុកជាបានការ មានន័យថា លោក វន់ ពៅ សមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និងមនុស្ស២០នាក់ផ្សេងទៀត បន្តនៅជាប់ឃុំ ក្នុងពន្ឋនាគារដដែល ក្នុងសំណុំរឿង ហិង្សានៅមុខ រោចក្រ យ៉ាកជីង។

ការសម្រេចបែបនេះ បានធ្វើឡើង បន្ទាប់ពីតុលាការកំពូល បានបើកសវនាការស្នើសុំនៅក្រៅឃុំ របស់មេធាវីការពារក្តី លោកវន់ ពៅ និងមនុស្ស២០នាក់ទៀត កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤។ ដោយសារថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់ឲ្យលោកវន់ ពៅ និងមនុស្ស២០នាក់ទៀត នៅក្នុងពន្ធនាគារ តាមការសម្រេចរបស់ តុលាការក្រុងភ្នំពេញ។

ការសម្រេច មិនអនុញ្ញាតឲ្យ លោកវន់ ពៅ និងមនុស្ស២០នាក់ទៀត នៅក្រៅឃុំ ដោយលើកហេតុផលថា សំណុំរឿង នេះ បានបិទការស៊ើបសួរ បញ្ជូនទៅជំនុំជម្រះ និងចាំបាច់ត្រូវសម្រេចឃុំជន២១នាក់ដើម្បីដំណើរការនីតិវិធីនៅសាលា ដំបូងរាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៏បានឱ្យដឹងថា នាព្រឹកនោះដែរ នៅមុខតុលាការកំពូល ក្រុមប្រជាពលរដ្ឋសហគមន៍ដីធ្លី និងសកម្មជនសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រមូលផ្តុំគ្នា ដើម្បីរង់ចាំស្តាប់លទ្ធផល ប្រកាសសាលក្រម និងស្រែកតវ៉ា ទាមទារឲ្យតុលាការកំពូល ដោះលែងលោកវន់ ពៅ និងមនុស្ស២០នាក់ទៀត។

ដកស្រង់ពីគេហទំព័រសម្លេងសារព័ត៌មានសេរី ចេញផ្សាយព្រឹកថ្ងៃទី០៩ ឩសភា ឆ្នាំ២០១៤នេះ។

លោកវន់ ពៅ និងមនុស្ស២០នាក់ទៀត (រូបភាពពីគេហទំព័ត៌សម្លេងសារព័ត៌មានសេរី)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា