ត្រឡប់ក្រោយ

កាក​បាទក្រហម​កម្ពុជា​ទទួល​បាន​ជំនួយពីសប្បុរសជន​ប្រមាណ​ជាង១៤ លានដុល្លាអាមេរិច​

នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ កាកបាទក្រហមកម្ពុជា ប្រមូលបានថវិកាចំនួនប្រមាណ ១៤ ៣៦០ ៩៩៧ ដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជនជាតិ និងអន្តរជាតិ ដែលបរិច្ចាគ ក្នុងឱកាសនៃការ រៀបចំមិទ្ទិញ អបអរសាទរ ខួបលើកទី១៥១ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា។

លោកនាយករដ្ឋមន្រ្តីថ្លែងថាកាកបាទក្រហមកម្ពុជានៅតែរក្សាបាននូវឯករាជភាពរបស់ខ្លួនក្នុងការ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ។ ក្នុងនោះអាជ្ញាធរពាក់ព័ន្ធមិនអាចបង្គាប់បញ្ជាឲ្យកាកបាទក្រហមនោះទេ ព្រោះការធ្វើដូច្នេះ គឺធ្វើឲ្យកាកបាទក្រហមមិនអាចរក្សាបាននូវឯករាជភាពរបស់ខ្លួនបាន ឡើយ និងសូមឲ្យបន្តនូវទង្វើដ៏ល្អនេះជាបន្តទៅទៀត។ ព្រមគ្នាដោយកោតសរសើរចំពោះ ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហម ដែលបានធ្វើ និងកំពុងធ្វើ និងបន្តធ្វើដើម្បីវឌ្ឍនភាពសង្គម ដោយប៉ុន្មានឆ្នាំចុងក្រោយនេះកាកបាទក្រហម កម្ពុជាផ្តោតសកម្មភាពទៅលើយុវជន ក្នុងនោះសកម្មភាពជាក់ស្តែងបានបង្ហាញនៅឆ្នាំកន្លងមក ដោយយុវជនបានធ្វើការងារសង្គមជាច្រើនក្នុងនោះមានការចុះផ្សព្វ ផ្សាយច្បាប់ចរាចរណ៍ ការងារផ្តល់ឈាមដោយស្ម័គ្រចិត្ត មិត្តអប់រំមិត្ត និងការងារសង្គមជាច្រើនទៀត។

លោកក៏សម្តែងនូវការព្រួយ បារម្ភចំពោះការប្រែប្រួលអាកាសធាតុ ដែលបានបណ្តាលឲ្យមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ដែលទាមទារឲ្យមានការប្រុងប្រយ័ត្ន និងការចូលរួមពីសប្បុរសជនថែមទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយបញ្ហាគ្រោះធម្មជាតិផ្សេងៗនោះ។ លោកបានបញ្ជាក់ មានបញ្ហាជាច្រើនដែលយើងត្រូវរួមគ្នាដោះស្រាយក្នុងនោះមាន បញ្ហាគ្រោះធម្មជាតិ និងការកាត់បន្ថយអត្រាស្លាប់រវាងមាតានិងទារក និងការប្រយុទ្ធនឹងជំងឺឆ្លងផ្សេងៗទៀត ដែលជាបញ្ហាត្រូវរួមគ្នាដោះស្រាយ ពីសំណាក់យុវជនទាំងអស់។
 
ទាក់ទងនឹងការបរិច្ចាគរបស់សប្បុរសជន ជួយដល់កាកបាទក្រហមកម្ពុជា លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ថា គ្មានអ្នកណាម្នាក់មកចូលរួមជាមួយកាកបាទក្រហមកម្ពុជា នៅពេលដែលយើងចាយប្រាក់កាសមិនចំទិសដៅគ្មានតម្លាភាព និងគណនេយ្យភាពនោះទេ។ កាកបាទក្រហមកម្ពុជាបានបង្កើតទំនុកចិត្តកាន់តែខ្លាំងមិនត្រឹមតែ ក្នុងប្រទេសទេ។

លោកជំទាវប៊ុន រ៉ានី ក៏បានលើកឡើងផងដែរថា ការដាក់ចេញនូវប្រធានបទ «ខ្ញុំ និងកាកបាទក្រហមកម្ពុជា» ក្នុងឱកាសខួបលើកទី ១៥១ នាឆ្នាំនេះ គឺជាសារមួយផ្ញើជូនដល់មនុស្សជាតិទាំងអស់ ដើម្បីរំលឹកឡើងវិញនូវការផ្សារភ្ជាប់រវាងពួកគេម្នាក់ៗ ទៅនឹងការងាររបស់កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហមអន្តរជាតិ។ ជាមួយនឹងផ្លែផ្កានៃ«កម្លាំងមនុស្ស ធម៌» និង«វប្បធម៌នៃការចែករំលែក» ជាមួយនឹងការពង្រឹងបានមូលដ្ឋានគ្រឹះ នៃចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលជាមគ្គុទេស ក៏សម្រាប់តម្រង់ផ្លូវក្នុងការអនុវត្តចក្ខុវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ កាកបាទក្រហមបានរីកដុះដាល និងសម្រេចបាននូវសមិទ្ធផលនានាជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា។

នៅកម្ពុជាមានអ្នកស្ម័គ្រចិត្តកាក បាទក្រហមប្រមាណ ១៩.៤០០ នាក់ និងយុវជនកាកបាទក្រហមប្រមាណ ២៨.៦៧៦ នាក់ ដែលប្រជាពលរដ្ឋកម្ពុជាពឹងអាស្រ័យសម្រាប់សេវាមនុស្សធម៌នានា។ ការរួមចំណែករបស់ពួកគេតាមរយៈទីស្នាក់ការកណ្តាល និងសាខាទូទាំង២៤ រាជធានី ខេត្តមានឥទ្ធិពលជាវិជ្ជមានមកលើជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅតាម សហគមន៍។

ដកស្រង់ពីគេហទំព័រអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី០៩ ឩសភា នេះ។

(រូបភាពពីគេហទំព័ត៌អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា