ត្រឡប់ក្រោយ

កិច្ច​ប្រជុំ​សភា​ឯក​បក្ស​ជជែក​ពិភាក្សា​ប្រធាន​បទ​ក្រៅ​ពី​របៀប​វារៈ​ដែល​បាន​គ្រោង​ទុក​

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​លេខាធិការ​ដ្ឋាន​នៃ​រដ្ឋសភា កាលពីថ្ងៃទី០៧ ឧសភា ២០១៤ របៀបវារៈ​​ចំនួន​ ០៧​ ត្រូវបាន​គេ​រំពឹង​ថា​នឹង​ពិភាក្សានៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃរដ្ឋសភា នៅថ្ងៃទី ២០ ខែ​ឧសភា ២០១៤ ដែល​ក្នុងនោះមានការ​ពិភាក្សា និង​អនុម័តច្បាប់​ចំនួន០៣ ពាក់ព័ន្ធនឹង​វិស័យ​យុត្តិធម៌​​ផង​ដែរ។

ខុមហ្វ្រែល​បានចូលរួម​សង្កេត​ពីដំណើរ​ប្រជុំពេញ​អង្គនៃរដ្ឋសភា​ដែល​រងការ​រិះគន់ថាជារដ្ឋសភា​ឯកបក្ស។  កិច្ចប្រជុំពេញអង្គ នាព្រឹកមិញនេះ មានកូរ៉ុមចំនួន ៦៥ រូប​មក​ពី​គណបក្ស​​ប្រជាជនកម្ពុជា​។ តំណាងរាស្ត្រ​ដែលមានវត្តមាន​នៅក្នុងកិច្ចប្រជុំនេះ​ត្រូវបានផ្តល់ឱកាសឲ្យ​ឡើងសំដែងមតិរៀងៗ​ខ្លួន។ តាម​ការ​សង្កេត​គេ​ឃើញ​ថា​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជនកម្ពុជាស្ទើរ​តែមិនជជែកពិភាក្សា​ជុំវិញ​របៀបវារៈដែលបានគ្រោងទុក ប៉ុន្តែបែរ​ជា​យក​កិច្ចប្រជុំនេះលើកឡើង​ពីសកម្មភាព​របស់គណបក្ស​ខ្លួន និងវាយ​ប្រហារ​ចំពោះ​ភាគីផ្សេងៗ​ទៅវិញ ។

លោក ជាម យៀប អ្នកតំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង  បានចំណាយ​ពេលជាច្រើននាទី លើកឡើងអំពី​លទ្ធផល​នៃការបោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិទី​២ របស់គណបក្ស​ប្រជា​ជន​​កម្ពុជា ដោយលោកបានថ្លែងអំណរគុណ​ចំពោះ​អង្គ​បោះឆ្នោត​ដែលបានបោះឆ្នោតគាំទ្រ​គណបក្ស​ខ្លួន។ បន្ថែម​លើសពីនេះទៀត លោក​ក៏បាន​ធ្វើការ​រិះគន់​ដល់​អង្គការ​សង្គម​ស៊ីវិលនានាផងដែរ។​ លោកបាន​រិះគន់ថា អង្គការ​សង្គម​ស៊ីវិល​បាន​នឹងកំពុង​ជ្រៀត​ជ្រែកការងារផ្ទៃ ក្នុង​រដ្ឋសភា ដោយសារពួកគេតែងតែ​​ធ្វើ​ការ​រិះគន់ និងស្នើសុំ​ឲ្យរដ្ឋសភា​ផ្អាកកិច្ចប្រជុំ​របស់​ខ្លួន។

“ខ្ញុំសូមអនុញ្ញាត​ពីអង្គប្រជុំ​រដ្ឋសភា​ដើម្បី​ជម្រាប​នូវទស្សនៈផ្ទាល់​របស់​ខ្ញុំ ក្នុងនាមជាអ្នកតំណាងរាស្រ្ត​​គណ​បក្ស​ប្រជាជនកម្ពុជា សូមសំដែងការអបអរសារទរ និង​ថ្លែង​អំណរ​គុណ​យ៉ាង​​ជ្រាលជ្រៅចំពោះ​ប្រជាជន​កម្ពុជា ក៏ដូចជាអង្គ​បោះឆ្នោត ក្រោយពីទទួល​របាយការណ៍​បឋមរបស់ គ.ជ.ប គឺគណបក្ស​ប្រជា​ជកម្ពុជា​​គឺជា​​គណបក្ស​ឈាន​មុខ​លើស​លុប​ក្នុង​ចំណោម​គណបក្សទាំ​ង ៥” លោកបានបន្តថា “កម្ពុជាបច្ចុប្បន្ន​នេះអត់មាន​ជាប់គាំង​នយោបាយនោះ​ទេ... សូម​សាធារណៈ​ជនមេត្តា​ជ្រាប​កុំទៅ​តាមមនុស្ស​មួយចំនួន​ដែលតែងតែ​បំផ្លាញ​កិត្តិយសគណបក្សប្រជាជនកម្ពុជា ដែលតែតែលើកឡើង​ថា​កម្ពុជា​បច្ចុប្បន្នកំពុងជាប់គាំងនយោបាយ សូម បដិសេធដាច់ខាត”

ក្រៅពី​ធ្វើការរិះគន់​ចំពោះអង្គការសង្គមស៊ីវិល អ្នកតំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់​នៃគណបក្សកាន់​អំណាច​​រូបនេះ ក៏បានធ្វើការ​វាយប្រហារ​លើ​តំណាង​អង្គការ​សហប្រជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្ស​នៅ​កម្ពុជា​​ផងដែរ ដោយលោកបាននិយាយថា លោកមាន​ការសោក​ស្តាយ​ដែល​តំណាង​អង្គការ​​សហ​ប្រជា​​ជាតិមួយ​នេះ តែង​តែ​ធ្វើ​ការ​វាយ​តម្លៃ​កម្ពុជា​ខុស​ពីការ​ពិត ។ ក្រៅពីនោះ លោកក៏បាន​ធ្វើការ​វាយ​ប្រហារ​លើ​លោក សម រង្ស៊ី និងលោក កឹម សុខា ដែលមិនព្រមចូលមកក្នុងរដ្ឋសភា​ដើម្បីធ្វើការដោះ​ស្រាយ​បញ្ហា​នោះ​ទេ តែ​បែរ​ជា​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្មទៅវិញ។

ចំណែកឯ លោកស្រី ឡោក ខេង អ្នកតំណាងរាស្រ្តមួយរូបមកពីគណបក្សប្រជនកម្ពុជា ក៏បាននិយាយ ធ្វើការរិះគន់ផងដែរ អ្នក​ដែល​តែងតែ​និយាយថា​រដ្ឋសភា​គឺជារដ្ឋសភា​ឯកបក្ស និង​រាជរដ្ឋាភិ​បាល​​​មិនស្របច្បាប់។ លោកស្រីចាត់ទុកការលើកឡើងដូចនេះគឺមិនត្រឹមត្រូវ។

លោក ឡុង វិសាឡូ ជារដ្ឋ​មន្រ្តី​ស្តីទីក្រសួងការបរទេស និង​ជាតំណាង​រដ្ឋាភិបាល​ដើម្បី​​ការពា​រច្បាប់​​នៅថ្ងៃនេះ បានសំដែងការអរគុណ​ចំពោះតំណាងរាស្ត្រ និងជូនពរ​ឲ្យ​សមាជិក​សភា​ប្រកបជ័យជំនះ​ក្នុង​ការ​ងារគណបក្សទៅវិញ “ខ្ញុំសូមជូនពរដល់អង្គសភាទាំងមូល និងសមជិករដ្ឋសភាទាំងអស់ សូមប្រកប​ដោយ ជ័យជំនះគ្រប់បែបយ៉ាងទាំងអស់ ដើម្បី​បំរើ​គណបក្ស”។

កិច្ចប្រជុំសភាពេញអង្គនេះ នឹងបន្តកិច្ចប្រជុំរបស់ខ្លួន នៅព្រឹកថ្ងៃទី២១ ខែឧសភា ២០១៤ បន្តទៀត ដែលពិភាក្សា​លើរបៀបវារៈ​នៅសេស​សល់។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា