នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៤ រដ្ឋសភាដែលមានសមាជិកតំណាងរាស្រ្តមកពីគណបក្សតែមួយ គឺគណបក្សប្រជាជនកម្ពុជា បានបើកបន្ដកិច្ចប្រជុំរបស់ខ្លួនដូចដែលបានគ្រោងទុក។ នៅថ្ងៃនេះ រដ្ឋសភាបានប្រជុំអនុម័តនូវរបៀបវារៈដែលនៅសេសសល់ពីកិច្ចប្រជុំកាលពីមុន ដោយនៅព្រឹកនេះ សមាជិកសភាបាន អនុម័ត លើរបៀបវារៈ ទី១ ច្បាប់ស្ដីពីការរៀបចំអង្គការតុលាការទាំងមូល ដោយសំលេង ៦៤ លើកលែងតែជំពូកទី ១ ទី ២ និងទី ៣ អនុម័តដោយសំលេង ៦៥។
យោងតាមរបៀបវារៈ រដ្ឋសភាដែលរងការរិះគន់ថាជារដ្ឋសភាឯកបក្ស នឹងអនុម័តសេចក្តីព្រាងច្បាប់ដែលពាក់ព័ន្ធនឹងវិស័យតុលាការចំនួនពីរបន្ថែមទៀត គឺច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនៃព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលសង្គមស៊ីវិលរិះគន់ថាច្បាប់នេះនឹងធ្វើឲ្យអំណាចតុលាការមិនទទួលបានឯករាជ្យ។