ត្រឡប់ក្រោយ

ឈាង វុន ស្នើ​ដល់​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃស​ណីយ៍ ឲ្យ​ពិនិត្យ​ពី​លទ្ធភាព​វិធាន​ការ​ច្បាប់​ចំពោះ​ការ​មាក់​ងាយ​​រ​​ដ្ឋសភា និងរដ្ឋាភិបាល

លោក ឈាង វុន អ្នក​តំណាងរាស្រ្ត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​បាត់ដំបង បាន​ស្នើ​ដល់​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ឲ្យ​ពិនិត្យ​លើផ្លូវ​ច្បាប់ ថា​តើការ​ប្រើប្រាស់​ពាក្យ​មើល​ងាយ​លើ​ស្ថាប័ន​រដ្ឋសភា និងស្ថាប័ន​រដ្ឋាភិបាល តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ មាន​ទោស​ដែរ​ឬ​ទេ? និងឲ្យ​ក្រសួង​នេះ​ធ្វើកា​រ​សហការ​ជាមួយ​ប្រៃសណីយ៍ ដើម្បី​ពិនិត្យ និង​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និងបច្ចេក​ទេស​នៃ​ការ​ផ្សព្វ​ផ្សាយ​ទាំងអស់ រួមទាំង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដ៏​មាន​ប្រជាប្រិយ​ភាព គឺ​​ហ្វេស​​​ប៊ុក (facebok) ផងដែរ។
ការថ្លែង​ដូចនេះ​ធ្វើឡើង​នៅក្នុង​ពេល​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ នេះ ដើម្បី​ធ្វើការ​អនុម័ត​ច្បាប់​ស្តីពី​វិស័យតុលាការ។ លោក ឈាង វុន បានថ្លែងថា “រដ្ឋសភា​​គឺជា​​អង្គការ​​នីតិ​បញ្ញត្តិ​​កំពូល​​មួយ​ក្នុង​ចំណោម​​អំណាច​ទាំង ៣ របស់រដ្ឋ ត្រូវឲ្យ​អ្នកសារ​ព័ត៌មាន​កំប៉ិច​កំប៉ុក​ផ្សព្វ​ផ្សាយ​ប្រើ​ពាក្យ​សំដី​ត្រគោះ​បោះ​បោក​លើ​រដ្ឋសភា​ផ្តេស​ផ្តាស យើង​លឺ​អស់ហើយ រដ្ឋសភា​ឯកបក្ស​ក៏មាន រដ្ឋសភា​គូថ​មាន់​ក៏​មាន.....ប្រព័ន្ធ​ហ្វេស​ប៊ុក ផ្សព្វ​ផ្សាយ​រញ៉េ​រញ៉ៃ​ច្រើន​ណាស់​យក​រហូត​ដល់​រូប​នាយករដ្ឋមន្រ្តី យក​រូប​ឆ្កែ​មក​ដាក់លើ​ក្បាល​​គាត់”។
ពាក់ព័ន្ធនឹ​ង​ការ​រិះគន់​របស់​តំណាង​រាស្ត្រ​រូប​នេះ​លើ​ការ​ប្រើ​ពាក្យ​រដ្ឋសភា​ឯកបក្ស បើ​សិក្សា​លើ​រដ្ឋធម្មនុញ្ញ កម្ពុជា​ប្រកាន់​យក​របប​នយោបាយ​បែប​សភា​និយម និង​ប្រកាន់​យក​គោល​ការណ៍​សេរី​ពហុ បក្ស ប៉ុន្តែ​រដ្ឋសភា​នា​ពេល​បច្ចុប្បន្ន​គឺ​មាន​តំណាង​រាស្ត្រ​នៃ​គណបក្ស​តែមួយ​ប៉ុណ្ណោះ​គឺ គណបក្ស​​ប្រជាជន​កម្ពុជា។ ក្រោម​ហេតុផល​ខាងលើ ទើប​រដ្ឋសភា​រងការ​រិះគន់​បែបនេះជា​បន្ត​បន្ទាប់។
គួរ​រំលឹក​ផង​ដែរ​ថា លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​ថ្លែង​ក្នុង​កិច្ច​ប្រជុំគណៈ​រដ្ឋមន្ត្រី ថា​រដ្ឋាភិបាល គ្មាន​គម្រោង​ហាម​ឃាត់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​នោះ​ទេ ថែម​ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​កាន់ តែ​ទូលំ​ទូ​លាយ​ថែម​ទៀត ហើយ​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ធ្លាប់​បាន​អះអាង​​នាពេល​កន្លង​មក​ដូចគ្នា​ថា​ក្រសួង​មិនមាន​គម្រោង​បិទ​ប្រព័ន្ធ​ហ្វេស​ប៊ុក​នោះ​ទេ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា