ត្រឡប់ក្រោយ

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល៖​ កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ណាមួយ ​យក​ទឹកដី​របស់ខ្លួន​ ធ្វើ​ជាមូ​លដ្ឋាន ​បង្កើត​រដ្ឋា​ភិបាល​និរទេស​ ប្រឆាំង​រដ្ឋា​ភិបាល​ដទៃទៀតឡើយ​

ការបញ្ជាក់បែបនេះ បានធ្វើឡើង បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយ បរទេសមួយចំនួន បានផ្សាយថា លោកថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រី និងត្រូវជាបងប្រុស របស់លោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្ត្រី ធ្លាក់ពីការធ្វើរដ្ឋប្រហារយោធា គ្រោងយកទឹកដីកម្ពុជា ធ្វើជារដ្ឋាភិបាលនិរទេស ដើម្បីធ្វើការប្រឆាំង ជាមួយនឹងរបបរដ្ឋប្រហារយោធា។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភា នេះថា អ្វីដែលគេលើកឡើងថា លោកថាក់ស៊ីន អតីតនាយក រដ្ឋមន្ត្រីថៃ គ្រោងបង្កើតរដ្ឋាភិបាលនិរទេស នៅក្នុងប្រទេសកម្ពុជា គឺមិនមែនលោក ថាក់ ស៊ីន ជាអ្នកនិយាយទេ។ លោកបានបញ្ជាក់ថា “តាមច្បាប់របស់កម្ពុជា មិនអនុញ្ញាតឲ្យអ្នកណា ប្រើប្រាស់ទឹកដីកម្ពុជា ជាមូលដ្ឋានសម្រាប់ ប្រឆាំងរដ្ឋាភិបាលដទៃទៀតនោះទេ”។

លោកបានបន្តថា ការបោះជំហានរបស់ប្រទេសនីមួយៗ នៅក្នុងតំបន់របស់យើង គឺមានយន្តការតំបន់ ក្នុងការដោះស្រាយវិវាទ របស់សមាជិក នៃសមាគមអាស៊ាន និងមានយន្តការ អង្គការសហប្រជាជាតិ។

ចំណែកលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យ អ្នកណាយកទឹកដីកម្ពុជា ធ្វើជាមូលដ្ឋាន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល មួយទៀតទេ។ លោកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ច នូវនយោបាយអព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ និងរួមរស់ដោយសន្តិ និងសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀត ទាំងអស់ នៅសកលលោក។ ហើយព្រះរាជាណាចក្រកម្ពុជា មិនឈ្លានពាន ប្រទេសណាជាដាច់ខាត និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយបញ្ហារាល់សន្តិវិធី និងគោរពផលប្រយោជន៍គ្នា ទៅវិញទៅមក។

 លោក ខៀវ សុភ័គ បានអះអាងថា ច្បាប់រដ្ឋធម្មនុញ្ញ នៅក្នុងប្រទេសកម្ពុជា បានចែងច្បាស់ហើយថា មិនអនុញ្ញាតឲ្យប្រទេសណាមួយ យកទឹកដីកម្ពុជា ធ្វើជាមូលដ្ឋាន សម្រាប់ប្រឆាំងនឹងប្រទេសណាមួយទេ។ “កម្ពុជាមិនអនុញ្ញាត ឲ្យមានមូលដ្ឋានយោធាបរទេស លើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាត ឲ្យមានមូលដ្ឋានយោធារបស់ខ្លួន នៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពរ អង្គការសហប្រជាជាតិ”។

ប្រភពពីគេហទំព័តព័ត៌មានCEN ដែលបានចេញផ្សាយនារសៀលថ្ងៃទី២៦ ឩសភា ឆ្នាំ២០១៤នេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា