ត្រឡប់ក្រោយ

សង្គម​ស៊ីវិល​បន្ត​ស្នើ​ឲ្យ​ព្រឹទ្ធ​សភា ពន្យា​ពេល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាក់​ទង​តុលាការ​

សេចក្តីថ្លែងការណ៍រួម របស់ក្រុមអង្គការសង្គមស៊ីវិល ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤  បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ រដ្ឋសភាដែលមានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលាការ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃអង្គចៅក្រម និងព្រះរាជអាជ្ញា សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

ក្រុមអង្គការសង្គមស៊ីវិល ដែលមានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCRH)គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ)សមាគមអាដហុក និងអង្គការមួយចំនួនទៀត។ ក្រុមនោះ ឲ្យដឹងទៀតថា ច្បាប់នោះនឹងផ្តល់អំណាចកាន់តែទូលំទូលាយដល់ឧត្តក្រុមប្រឹក្សានៃ អង្គចៅក្រម ដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រួតលើចៅក្រម និងព្រះរាជអាជ្ញា នឹងធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ និងស្នើឲ្យព្រឹទ្ធសភា ពន្យាពេលអនុម័តសេចក្តីព្រាងច្បាប់ទាំង៣នេះ និងស្នើឲ្យមានការពិគ្រោះយោបល់ជាមួយសាធារណៈជនសង្គមស៊ីវិលនានា ដើម្បីធានាថាច្បាប់ទាំងនេះអនុលោមតាមបទដ្ឋានអន្តរជាតិ។

យ៉ាងណាក៏ដោយក្រុមអង្គការសង្គមស៊ីវិល បានចាត់ទុកថា សេចក្តីព្រាងច្បាប់ស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការ ដែលសភាបានអនុម័តនេះ បំពានលើគោការណ៍នៃការបែងចែកអំណាច និងឯករាជ្យភាពរបស់តុលាការដែលចែងក្នុងមាត្រា៥១ មាត្រា១២៨ និងមាត្រា១៣២នៃរដ្ឋធម្មនុញ្ញ។ ព្រមគ្នានោះ ក៏បំពានលើច្បាប់និងបទដ្ឋានអន្តរជាតិមួយចំនួន នៃកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលធានាអំពីសាលាជម្រះក្តីឯករាជ្យ និងឥតលម្អៀង។

ដកស្រង់ពីគេហទំព័រព័ត៌មានវីអូឌី ចេញផ្សាយថ្ងៃទី២៦ ខែឩសភា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា