ត្រឡប់ក្រោយ

លោក ​ស៊ុយ សែម និង​រដ្ឋ​មន្ត្រី​ជាច្រើនរូបទៀត អាច​នឹង​ត្រូវ​មក​បំភ្លឺ​នៅក្នុងរដ្ឋសភាក្នុងពេលឆាប់ៗ​

សមាជិកសភាគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ បានដាក់លិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម មកបំភ្លឺនៅក្នុងរដ្ឋសភាក្នុងពេលឆាប់ៗនេះ ជុំវិញការអនុវត្តតួនាទីរបស់ខ្លួន និងជាពិសេសពាក់ព័ន្ធនឹងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។  នេះបើតាមប្រសាសន៍របស់លោក ជាម យៀប ប្រធានគណកម្មការហិរញ្ញវត្ថុ ធានាគារ និងសវនកម្មនៃរដ្ឋសភាដែលបានប្រាប់ ដោយបន្ថែមថានៅរង់ចាំតែចម្លើយពីលោក នាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ។

សមាជិកសភាជាន់ខ្ពស់គណបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ប្រាប់គេហទំព័រថ្មីៗដូច្នេះថា៖« ប្រធានបទសំខាន់ ដែលយើងស្នើសុំឲ្យលោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មកឆ្លើយបំភ្លឺ គឺចង់សួរពីការបំពេញតួនាទីរបស់គាត់ និងដំណើរការអនុវត្តផែនការនៅក្នុងក្រសួងគាត់ បានផ្លែការបែបណាហើយ។ រឿងមួយទៀត ពាក់ព័ន្ធនឹងបញ្ហាធនធានធម្មជាតិ ដូចជាបញ្ហាកសាងទំប់វ៉ារីអគ្គិសនី ហើយនៅមានរឿងមួយចំនួនទៀត អាស្រ័យទៅលើតំណាងរាស្ត្រចោទសួរនោះទេ។ ខ្ញុំសូមជម្រាបថា រដ្ឋសភា មានគម្រោងស្នើឲ្យរដ្ឋមន្ត្រីជាច្រើនរូបទៀតមកបំភ្លឺ មិនមែនតែ លោក ស៊ុយ សែម នោះឡើយ»។

យោងតាមគេហទំព័រក្នុងស្រុកខ្លះបានបញ្ជាក់ថា ការចូលស្រាយបំភ្លឺនោះ នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខ។

សូមបញ្ជាក់ថា យោងតាមច្បាប់រដ្ឋមន្មនុញ្ញនៃប្រទេសកម្ពុជា ឆ្នាំ ១៩៩៣ ជំពូកទី ៧ មាត្រា៨៩ បានចែងអំពីសិទ្ធិរបស់តំណាងរាស្ត្រក្នុងការកោះហៅមន្ត្រីរដ្ឋាភិបាល ថា តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញឥស្សរជនដ៏ឧត្ដមណាមួយមកបំភ្លឺរដ្ឋសភា អំពីបញ្ហាដែលមានសារៈសំខាន់ពិសេស។

ដកស្រង់ពីគេហទំព័ត៌ថ្មីៗ ដែលបានចេញផ្សាយថ្ងៃទី២៦ ខែឩសភា ឆ្នាំ២០១៤។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម (Photo by Sabay Website-ឯកសារ)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា