លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានថ្លែងបព្ជាក់ប្រាប់ ក្រុមអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤នេះថា រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានសម្រចចិត្តទទួល យកជនភៀសខ្លួន របស់អូស្ត្រាលី ចេញពីកោះ NAURUនោះទេ ដោយកំពុងតែបង្កើតគណៈកម្មការចំរុះពិចារណានូវ សំណើនេះ ហើយមួយវិញទៀតចំនួន ដែលកម្ពុជានឹងទទួលនោះ ក៏មិនទាន់ដឹងថា ប៉ុន្មាននាក់នោះដែរ។
លោកបានលើកឡើងថា ”ចំពោះការបញ្ជូនជនភៀសខ្លួនចេញពីកោះ NAURU ចូលមកកម្ពុជានេះ ជាគំរោងលើកឡើងដោយ រដ្ឋាភិបាលអូស្ត្រាលី។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានទទួលយកមកពិនិត្យ ហើយយើង កំពុងបង្កើតក្រុមការងារមួយលំអិត អំពីបញ្ហានេះ ដើម្បិពិភាក្សា ជាមួយភាគី អូស្រ្តាលី។ ប៉ុន្តែទោះជាយ៉ាងណាក្តី យើងទទួលលុះត្រាតែ ជននោះស្ម័គ្រចិត្ត មិនមែន រដ្ឋាភិបាលគេបង្ខំមកទេមិនមែន កម្ពុជាចេះតែទទួលទេ ទាល់តែជនភៀសខ្លួន មានការស្ម័គ្រចិត្តមកកម្ពុជា បានយើងទទួល”។
កាលពីខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា របស់អ្នកស្រី Julie Bishop រដ្ឋមន្រ្តីក្រសួងការបរ ទេសអូស្រ្តាលី អ្នកស្រីបានស្នើឲ្យកម្ពុជា ទទួលយកជនភៀសខ្លួនពីកោះ NAURU ប្រទេសអូស្ត្រាលី បន្ទាប់ពី អង្គការផ្នែក សិទ្ធិមនុស្សជាច្រើន បានរិះគន់ដល់ រដ្ឋាភិបាលអូស្ត្រាលីថា រំលោភសិទ្ធិមនុស្សខ្លាំង ចំពោះជនភៀសខ្លួនទាំងនោះ ដោយ រដ្ឋាភិបាលអូស្ត្រាលី បានយកជនភៀសខ្លួនទាំងនោះ ទៅទុកចោលលើកោះ NAURU ដែលមានចំងាយឆ្ងាយពីទីក្រុង។
នេះបើយោងតាមគេហទំព័រសារព័ត៌មានសេរីចេញផ្សាយថ្ងៃទី២៨ ឩសភា ឆ្នាំ២០១៤។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា (Photo from http://www.khmer.rfi.fr/cambodia)