រាជរដ្ឋាភិបាលកម្ពុជា ប្រកាសថាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នឹងត្រូវយកតម្លៃ១ម៉ឺនរៀល ចាប់ពីថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៤ ដើម្បីជួយសម្រាលការចំណាយដែលជាបន្ទុករបស់រដ្ឋាភិបាល។
សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ខែឧសភា ឲ្យដឹងថា ការយកតម្លៃ១ម៉ឺនរៀលនេះ គឺដើម្បីជួយសម្រាលបន្ទុករបស់រដ្ឋក្នុងការចំណាយថវិកាជាតិសម្រាប់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ដែលកន្លងមករាល់ការចំណាយទាំងអស់ ជាបន្ទុករបស់រដ្ឋជួយគាំទ្រ។ សេចក្តីជូនដំណឹងបន្តថា ការយកតម្លៃ១ម៉ឺនរៀលនេះ គឺដើម្បីធានានិរន្តរភាពដល់ដំណើរការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតាមរយៈការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកាតព្វកិច្ចជាពលរដ្ឋខ្មែរ ដែលជាគុណប្រយោជន៍ដល់ថវិកាជាតិ។