គណបក្សសង្គ្រោះជាតិ ស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការចំពោះការយកទីតាំងឯកជន ឬស្នាក់ការគណបក្ស ដើម្បីធ្វើការប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៤ខែមិថុនា ប្រកាសថា សមាជិកគណបក្សនេះ នឹងធ្វើពហិការរាល់ការប្រកាសសុពលភាព ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ដែលធ្វើតាមផ្ទះឯកជន ឬមន្ទីរបក្សណាមួយ។
គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ការប្រកាសសុពលភាពនេះ ត្រូវធ្វើឡើងដោយសាលារាជធានី ឬសាលាខេត្ត សាលាក្រុង-ស្រុក-ខណ្ឌ ដែលជាសេនាធិការរបស់ក្រសួងមហាផ្ទៃ។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ត្រូវបានធ្វើឡើងជាលក្ខណៈអសកលកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ប៉ុណ្ណោះជាអ្នកទៅបោះឆ្នោត។