ត្រឡប់ក្រោយ

គណបក្សសង្រ្គោះជាតិ៖ ការបង្ខាំងបេក្ខជនជាប់ឆ្នោត គឺជារឿង គេចវេសដោះស្រាយបញ្ហានយោបាយ

ក្នុង​សន្និ​សីទ​ដែល​រៀប​ចំ​ដោយ​គណបក្ស​សង្រ្គោះ​ជាតិ កាលពី​ព្រឹក​មិញ​នេះ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចាត់ទុក​ព្រឹត្តការណ៍​រារាំង និង​បង្ខាំង​បេក្ខជន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ចូល​ទៅកាន់​តំបន់​អន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បី​ជួប​អ្នកគាំទ្រដែល​កើត​មាន​​កាល​ពី​ថ្ងៃទី ០៨ ខែមិថុនា ថា ​ការ​គេច​វេស​ពី​ការដោះ​ស្រាយ​បញ្ហា​នយោបាយ និង កំណែ​ទម្រង់​បោះឆ្នោត ដោយ​គេ​បានបង្វែង​​​ការ​ចាប់​អារម្មណ៍​ទៅ​រក​ព្រឹត្តការណ៍​នេះ។ ​

លោក ប៉ុល ហំ អ្នក​តំណាងរាស្ដ្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្រ្គោះ​ជាតិ ខេត្ត​តាកែវ និង ត្រូវ​រងគ្រោះ​ក្នុង​ព្រឹត្តការណ៍​ពី​ម្សិល​មិញ បាន​ថ្លែងចោទ​ប្រកាន់​អំពើការរារាំង​ពីសំណាក់​ជនស៊ីវិល​នៅ​ខេត្តឧត្តរមានជ័យ ថា​ជន​ស៊ីវិល​ដែលមក​រារាំង ជា​អំពើ​រៀបចំ​ជាប្រព័ន្ធ ​​​​​​​​​​​​និង​គ្រោង​ទុក​ជា​មុន របស់​កម្លាំង​ប្រដាប់​អាវុធ គំរាម​កំហែង​ផ្នែក​នយោបាយ ។ លោកបន្ដថា ពួក​កង​កម្លាំង​ស៊ីវិល​ទាំងនោះ​បាន ដោះ​ស្លាក​​លេខរថយន្ដ គំរាម​ដុត​រថយន្ដ ព្រម​ទាំង​ដក​ហូត​យក ipad និង ទូរស័ព្ទ​របស់លោក​និង អ្នកតំណាងរាស្ដ្រផ្សេងទៀត ដែលនៅ​ក្នុង ​​​​​​​​​​i​p​​ad របស់​លោក​នោះ​​មាន​ផ្ទុក​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន និងព័ត៌មាន​គណបក្ស។​

​​គួររំលឹកផង​ដែរថា កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៤ គណបក្ស​សង្រ្គោះ​ជាតិ គ្រោង​រៀប​ចំ​​ធ្វើ​កម្ម​វិធី​សំ​ណេះ​សំណាល នៅស្រុក​អន្លង់​វែង ខេត្ត ឧត្តរ​មាន​ជ័យ តែ​ត្រូវ​ខកខាន​ដោយ​សារ​មាន​ការ​រំខាន និង​រា​រាំង​ការ​រៀប​ចំ​ពិធី។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា