ត្រឡប់ក្រោយ

នាយក​រដ្ឋ​មន្រ្តី​លើក​ឡើងថា ​រដ្ឋា​ភិបាល​អនុញ្ញាតិ​ឲ្យ​គណបក្ស​ប្រឆាំង​បង្កើត​ស្ថានីយ​ទូរទស្សន៍​ ប៉ុន្ដែ​តាម​រយៈ​ក្រុម​ហ៊ុនឯកជន​

ឆ្លើយតបទៅនឹងការលើក ឡើងរបស់មេដឹក នាំគណបក្សប្រឆាំង ដែល ប្រាប់អ្នកគាំទ្ររបស់ខ្លួនថា រាជរដ្ឋាភិបាល បដិសេធឱ្យគណបក្សប្រឆាំង បង្កើតស្ថានីយ ទូរទស្សន៍នោះ ត្រូវបានលោកនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ ត្រឡប់ទៅវិញថា រាជរដ្ឋាភិបាល បានអនុញ្ញាត ឱ្យគណបក្សប្រឆាំងបង្កើតស្ថានីយទូរទស្សន៍ ក្រោមរូបភាពការស្នើសុំពីក្រុមហ៊ុនឯកជនណាមួយ ។

លោកបានបញ្ជាក់បែបនេះក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការ នៅស្រុកឈូកខេត្ដកំពត នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ថា បញ្ហានេះ លោកបានយល់ព្រមនិងឯកភាព តាំងពីមានការជួបគ្នារវាងមេដឹកនាំជាន់ខ្ពស់ ទាំងពីរគណបក្ស ក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៣កន្លងទៅ ប៉ុន្ដែមេដឹកនាំគណបក្សប្រឆាំង បានបំបាត់លទ្ធផលបែបនេះ បែរជាលើកឡើងថា រាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យបង្កើតស្ថានីយទូរទស្សន៍  “ខ្ញុំឯកភាព ត្រូវតែមានក្រុមហ៊ុនឯកជន មកស្នើសុំពីក្រសួងព័ត៌មាន” ។


ត្រង់ចំណុចនេះលោកក៏ធ្លាប់ បានប្រាប់ទៅរដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ ឱ្យយកប្រេហ្គង់ ពីស្ថានីយទូរទស្សន៍ជាតិមួយប៉ុស្ដិ៍ មកឱ្យស្ថានីយរបស់គណបក្សប្រឆាំង ដែលស្នើបង្កើតនេះ ។

លោកនាយករដ្ឋមន្រ្តី ក៏បានប្រាប់ទៅ អ្នកគាំទ្រគណបក្សប្រឆាំងថា រាជរដ្ឋាភិបាល មិនបានបដិសេធឱ្យគណបក្សប្រឆាំង បង្កើត ស្ថានីយទូរទស្សន៍នោះទេ ប៉ុន្ដែតាមរយៈក្រុមហ៊ុនឯកជន ហើយបើបក្សនយោបាយ ស្នើសុំបង្កើតស្ថានីយទូរទស្សន៍ ដោយខ្លួនឯង នោះបក្សនយោបាយផ្សេងទៀត និងស្នើសុំ ដែរ វាកាន់តែធ្វើឱ្យមានបញ្ហា ។

ប្រភពពីគេហទំព័រដើមអំពិលដែលបានចេញផ្សាយនាព្រឹកថ្ងៃទី១០ មិថុនា ឆ្នាំ២០១៤។

 

លោកនាយករដ្ឋមន្រ្តី និងភរិយា ក្នុងពេលចុះសួរសុខទុក្ខជនពិការដែលស្នាក់នៅមណ្ឌល ៣១៧ កោះស្លា ខេត្តកំពត ​(រូបថតពីអ្នកលេងហ្វេសប៊ុក)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា