អនុប្រធាន គណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រកាសឯកភាពចំពោះសំណើរគណបក្សសង្គ្រោះជាតិ ដែលទាមទារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចែងក្នុង រដ្ឋធម្មនុញ្ញ។ សម្រាប់លោកនាយករដ្ឋមន្ត្រី ការឯកភាពនេះ ទាមទារឲ្យគណបក្សសង្គ្រោះជាតិចូលប្រជុំសភាដើម្បីវិសោធនកម្ម រដ្ឋធម្មនុញ្ញ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការ ក្នុងស្រុកឈូក ខេត្ដកំពតនៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី បានប្រកាសឯកភាពតម្លើងស្ថាប័នរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដោយត្រូវបន្ថែម១ជំពូកទៀត ដែលទំនងជាជំពូក១៥នៃរដ្ឋធម្មនុញ្ញ។
ពាក់ព័ន្ធនឹងការការតម្លើងស្ថាប័ន គ.ជ.ប ឲ្យមានចែងលម្អិតក្នុងជំពូកមួយបន្ថែមទៀតនៃរដ្ឋធម្មនុញ្ញនេះ លោកនាយករដ្ឋមន្ត្រី ក៏បានពន្យល់សង្កត់ធ្ងន់ចំពោះពាក្យ«ដាក់ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ»នោះ ថាជាការមិនត្រឹមត្រូវ ពោលគឺគ្មានភាសា«ដាក់ទៅជាស្ថាប័នធម្មនុញ្ញ»នោះទេ ដោយមានត្រឹមតែភាសាដែលហៅថា «ដាក់ស្ថាប័ន គ.ជ.ប ឲ្យមានចែងក្នុងរដ្ឋធម្មនុញ្ញ»ប៉ុណ្ណោះ។
លោក ក៏បានបញ្ជាក់ផងដែរ ពីការការចូលសភានៃក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង។ ពីព្រោះការការដាក់ស្ថាប័នរៀបចំការបោះឆ្នោតឲ្យមានចែងក្នុង រដ្ឋធម្មនុញ្ញ ទាមទារជាចាំបាច់ឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយដែការធ្វើវិសោធនកម្មនោះ ត្រូវការតំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិលុបចោលពិហិ ការរបស់ខ្លួន។
នេះបើយោងតាមគេហទំព័រថ្មីៗ ដែលបានចេញផ្សាយនារសៀលថ្ងៃទី១០ មិថុនា ឆ្នាំ២០១៤។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន -រូបភាពឯកសារ (Photos from http://www.thecambodiaherald.com)-