តាមមន្ត្រីក្រុមការងារទាំងសងខាងតាមប្រាប់កម្ពុជាថ្មីនៅមុននេះ(ព្រឹកថ្ងៃទី១១ ខែមិថុនា) បន្តិច ថា ក្រុមការងារ គណបក្សទាំងពីរដែលមានម្ខាង៣នាក់នឹងជួបពិភាក្សាគ្នានៅវិមាន ព្រឹទ្ធសភានាវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។
លោក គួយ ប៊ុនរឿន មន្ត្រីក្រុមការងារខាងគណបក្សសង្គ្រោះជាតិបានអោយដឹងថា ខាងគណបក្សសង្គ្រោះជាតិ៣រូបដែលនឹងត្រូវចូលពិភាក្សានាព្រឹកស្អែក រួមមាន ១. លោក យ៉ែម បុញ្ញរិទ្ធ លោក អេង ឆៃអ៊ាង និងរូបលោកផ្ទាល់ គួយ ប៊ុនរឿន។ លោកបន្តថា ចំណុចសំខាន់ដែលត្រូវពិភាក្សានោះគឺ កន្លងមកគណបក្សសង្គ្រោះជាតិមានសំណើលើគោលជំហរដែលបានដាក់ជូន គណបក្សប្រជាជនកម្ពុជារួចហើយ។
ចំណែក លោក ព្រំ សុខា មន្ត្រីក្រុមការងារខាងគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ ប្រាប់កម្ពុជាថ្មីដែរថា ក្រុមការងារគណបក្សទាំងពីរនឹងត្រូវជួបគ្នានាវេលាម៉ោង៩ព្រឹកនៅ វិមានព្រឹទ្ធសភា ហើយក្រុមការងារខាងគណបក្សប្រជាជនកម្ពុជារួមមាន ១. លោក សក់ សេដ្ឋា ២. លោក កើត រឹទ្ធ និងរូបលោកផ្ទាល់ ព្រំ សុខា។ លោក ព្រំ សុខា បានលើកឡើងដែរថា ការជួបគ្នានោះមិនមានបញ្ហាអ្វីប្លែកទេក្រៅពីចំណុចដែលយើងបាន ខិតខំតស៊ូយូរមកហើយនោះ ពីព្រោះគណបក្សប្រជាជនកម្ពុជា តាំងពីដើមមកចង់អោយមានដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាដែល មិនអាចរកអ្វីក្រៅពីនេះបានទេ ទាំងក្រៅផ្លូវការ ទាំងក្នុងផ្លូវការ ហើយរហូតមកដល់ថ្ងៃទី៩ ខែមេសា កន្លងទៅ ដែលជាការចរចាតាមទូរស័ព្ទរយៈពេល៤៤នាទី ហើយសម្តេចក៏បានបញ្ជាក់នៅភូមិតាកែន ឃុំកោះស្លា កាលព្រឹកថ្ងៃទី១០ ខែមិថុនា ដោយសម្តេចបានឈានមួយជំហានទៀតគឺការដាក់បញ្ចូលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនៅក្នុងរដ្ឋធម្មនុញ្ញ។
លោក ព្រំ សុខា បានលើកឡើងទៀតថា កាលពីថ្ងៃទី៩ ខែមេសានោះ គណបក្សទាំងពីរ គ្រាន់តែបានលើកឡើងថា ការព្រមព្រៀងគ្នាបង្កើតស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញដែលយើងបានឈានមួយជំហានទៀតគឺដាក់មួយជំពូកតែម្តងនិយាយអំពីការ រៀបចំអង្គការរៀបចំការបោះឆ្នោតគឺ «គ.ជ.ប»។ ដូច្នេះការជួបពិភាក្សានាព្រឹកស្អែកគឺទាក់ទងទៅនឹង ការចរចារយៈពេល៤៤នាទីរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ហើយគណបក្សប្រជាជនកម្ពុជា នឹងមានឯកសារយកទៅដាក់ជូនអង្គប្រជុំតែម្តង។
ប្រភពពីគេហទំព័ត៌កម្ពុជាថ្មី ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី១១ មិថុនា ឆ្នាំ២០១៤ នេះ។
ក្រុមការងារ គណបក្សទាំងពីរ ក្នុងពេលចរចារ កន្លងមក (រូបភាពឯកសារពីគេហទំព័ត៌កម្ពុជាថ្មី)