ត្រឡប់ក្រោយ

លោក​សុន ឆៃ៖ តំណែង​អនុ​ប្រធានទី១នៃរដ្ឋសភា និង​​គណៈ​កម្មការ​ជំនាញ​៥ទៀត នឹង​ត្រូវ​គ្រប់គ្រង​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​

បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ប្រាប់​វិទ្យុ​VOA​ថា ទាក់ទង​នឹង​តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា គណបក្សនយោបាយ​ទាំងពីរ យល់ព្រម​រួចហើយ​ថា​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា នឹង​ត្រូវ​គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំណែក​ប្រធានរដ្ឋសភា និង​អនុប្រធាន​ទី​២ នឹង​ត្រូវ​គ្រប់គ្រង​ដដែល​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក សុន ឆ័យ បន្តថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​គ្រប់គ្រង​គណៈកម្មការ​ជំនាញ​ចំនួន​៥ ដែល​ក្នុងនោះ មាន​គណៈកម្មការ​ថ្មី​មួយ គឺ​គណៈកម្មការ​ជំនាញ​ប្រឆាំង​អំពើពុករលួយ ទទួល​ពាក្យបណ្តឹង និង​បោសសំអាត ដែល​នឹង​ត្រូវ​បង្កើត​ថ្មី​។​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា នឹង​គ្រប់គ្រង​គណៈកម្មការ​ជំនាញ​ចំនួន​៥​ដូចគ្នា​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

​ជា​សរុប​សម្រាប់​តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​សភា និង​គណៈកម្មការ​ជំនាញ គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​មនុស្ស​៧​នាក់​សម្រាប់​គ្រប់គ្រង​។​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​មនុស្ស​៦​នាក់​សម្រាប់​គ្រប់គ្រង​។​

VOD​មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​នៅឡើយ​ទេ​។​

​ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ទាមទារឲ្យមានការឯកភាពទាំងនេះ ជាលាយលក្ខណ៍អក្សរ។

គណៈកម្មការ ទាំង​៩​នៃ​រដ្ឋសភា​នោះ រួមមាន គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក គណៈកម្មការ​មហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និង​មុខងារ​សាធារណៈ គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​ឃោសនា​វប្បធម៌ និង​ទេសចរណ៍ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី និង​គណៈកម្មការ​សាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

VOD​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​ថា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​គ្រប់គ្រង​លើ​គណៈកម្មការ​ជំនាញ​ណា​នៅឡើយ​ទេ​ និងថាតើលោក សម រង្ស៊ី ឬលោក កឹម សុខា នឹងទទួលបានតំណែងអនុប្រធានទី១នៃរដ្ឋសភា។

ដកស្រង់ពីគេហទំព័រវីអូឌី ចេញផ្សាយនាព្រឹកថ្ងៃទី១២ មិថុនា ឆ្នាំ២០១៤នេះ។

លោក សុន ឆៃ (Photo by touch yuthea-RFA)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា