លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី (Surya P. Subedi) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃការិយាល័យសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិ បានជួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៤។
លោក ស៊ូប៊ែរឌី លើកឡើងបញ្ហា ៤ ចំណុច ស្តីពីបញ្ហាពលករ និងកម្មករនៅកម្ពុជា ដោយស្នើឲ្យលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ពន្យល់អំពីស្ថានភាពសិទ្ធិមនុស្សនៅ កម្ពុជា ពាក់ព័ន្ធនឹងសិទ្ធិពលករ និងសិទ្ធិកម្មករ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា បញ្ហាទាំង ៤ ចំនុចនោះ រួមមាន ការបញ្ជូនពលករខ្មែរពីប្រទេសថៃ មកកម្ពុជាវិញ សេចក្តីព្រាងច្បាប់ស្តីពីសហជីព ការកំណត់ប្រាក់ឈ្មួលអប្បបរមា និងរបាយការណ៍ពីសហជីព ពាក់ព័ន្ធនឹងការគម្រាមកំហែង លើមេដឹកនាំសហជីព។
លោក ហេង សួរ បានលើកឡើងថា លោក អ៊ិត សំហេង បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានគិតគូរួចរាល់ហើយ លើការបញ្ជូនពលករខ្មែរ ពីប្រទេសថៃ មកប្រទេសកម្ពុជាវិញ។ ក្រសួងក៏បានផ្តល់ជំនាញ និងសេវាការងារដល់ពលករខ្មែរ ដែលត្រលប់មកពីប្រទេសថៃផងដែរ។
ក្រសួងការងារ ក៏បានស្នើសុំជួបជាមួយដៃគូអភិវឌ្ឍនានា និងប្រព័ន្ធអង្គការសហប្រជាជាតិនៅប្រទេសថៃ ដើម្បីឲ្យពួកគេជួយអន្តរាគមន៍ ឲ្យមានការគោរពសិទ្ធមនុស្សជាមូលដ្ឋាន ដល់ពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃ។
ដកស្រង់ពីគេហទំព័រសម្លេងសារព័ត៌មានសេរីចេញផ្សាយថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៤។