នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ រដ្ឋសភា ដែលមានតែកូរ៉ុម ចំនួន ៥៧ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនជាថ្មីម្តងទៀត ដោយកោះអញ្ជើញ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មកធ្វើការសួរដេញដោយផ្ទាល់មាត់អំពីផលប៉ះពាល់ និងដំណោះស្រាយជុំវិញ ការសាងសង់ទំនប់វារីអគ្គីសនីសេសានក្រោម ២ ដែលស្ថិតក្នុងខេត្តស្ទឹងត្រែង។ កិច្ចប្រជុំពេញអង្គ នាព្រឹកនេះ គឺអវត្តមានតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជានៃសមាជិករាជរដ្ឋាភិបាលដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រី ស ខេង និង សុខ អាន ជាដើម។
តាមការសង្កេតផ្ទាល់នៅរដ្ឋសភា កិច្ចប្រជុំចំណាយពេលជាង ៣ ម៉ោង ដើម្បីសួរដេញដោលរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រូបនេះ ពាក់ព័ន្ធនឹងផលប៉ះពាល់និងដំណោះស្រាយជុំវិញ ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម មិនមានការជជែកពិភាក្សាពន្យល់ ឬ ជជីកសួរ ឲ្យបានក្បោះក្បាយនោះទេ ទាំងសំនួរ និងចម្លើយហាក់ដូចជាត្រូវបានត្រៀមទុកជាស្រេច។
មិនត្រឹមតែប៉ុណ្ណោះ មានអ្នកតំណាងរាស្រ្ត ចំនួន ២រូប គឺលោក ឡូយ សុផាត និងលោកស្រី ឡោក ខេង បានលើកសសើររដ្ឋាភិបាល និងរិះគន់អ្នកជំទាស់គម្រោងសាងសងនេះ ខណៈដែលខ្លួនកំពុងលើកឡើងជាសំណួរទៅកាន់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលពាក់ព័ន្ធនឹងគម្រោងនេះ។