ឆ្លើយតបតាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ លោកសូរិយា ប្រាសាទ ស៊ូប៊ែឌី នឹងជួបពិភាក្សាជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រ ទី២០ មិថុនា ឆ្នាំ២០១៤ វេលាម៉ោង ៥ ល្ងាច នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា គណបក្សសង្គ្រោះជាតិនឹងលើកយកប្រធានបទសំខាន់ៗចំនួនបី ដើម្បីពិភាក្សាជាមួយលោក ស៊ូប៊ែឌី។ ទីមួយ ស្តីពីការគោរពសិទ្ធមនុស្សនៅកម្ពុជា ដែលនឹងលើកយកបញ្ហាពលករខ្មែរដែលថៃកំពុងបញ្ជូនមកកម្ពុជាវិញ និង ការរំលោភដីធ្លីដែលមិនទាន់បញ្ចប់នៅកម្ពុជាផងដែរ។ ទីពីរ និយាយអំពីកំណែទម្រង់ការបោះឆ្នោត និង ទីបី កំណែទម្រង់ប្រព័ន្ធតុលាការកម្ពុជា។
លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងបន្ថែមថា គណបក្សសង្គ្រោះជាតិនឹងរាយការណ៍ពីការកែទម្រង់នានាជូនលោក ស៊ូប៊ែឌី ដើម្បីឲ្យអ្នករាយការណ៍ពិសេសពីសិទ្ធិមនុស្សនៅកម្ពុជារូបនេះយកទៅ ពិគ្រោះជាមួយតំណាងគណបក្សកាន់អំណាច។
នៅថ្ងៃព្រហស្បតិ៍ ទី ១៩ មិថុនា ម្សិលម៉ិញ លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី ក៏បានជួបជាមួយលោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ និង លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើការឲ្យដឹងរបស់លោកស្រី Bushra Rahman មន្ត្រីទំនាក់ទំនងរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
ដកស្រង់ពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារ ចេញផ្សាយថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៤។
លោក សូរិយា ប្រាសាទស៊ូប៊ែរឌី (Photo from Internet)