ត្រឡប់ក្រោយ

រយៈ​ពេល​១២ថ្ងៃ ​រដ្ឋា​ភិបាល​ចំណាយ​អស់​៥លាន​ដុល្លា ទៅលើ​ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​ពលករ​ដែល​ថៃ​បញ្ជូនមកកម្ពុជាវិញ​​

យោងតាមគេហទំព័ត៌ភ្នំពេញប៉ុស្តិ៍ដែលបានចេញផ្សាយកាលពីថ្ងៃ១៩ មិថុនា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិកទៅលើការផ្ដល់សេវាទទួលដឹកជញ្ជូននិងម្ហូបអាហារ ថ្នាំសង្កូវ ចំពោះពលករខ្មែរខុសច្បាប់ដែលរដ្ឋាភិបាលនៃរបបយោធាថៃបានបញ្ជូន មាតុភូមិនិវត្តន៍មកកម្ពុជាវិញចាប់តាំងពីថ្ងៃ ទី៦ ដល់ថ្ងៃ ទី១៨ មិថុនា ស្របពេលដែលបានសម្រេចបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យ ណែនាំ និងសហការសម្របសម្រួលអំពីបញ្ហាពលករខ្មែរដែលភាគីថៃបានបញ្ជូនមក កម្ពុជា។

គេហទំព័រដដែលបានបន្តថា លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខេត្តបន្ទាយមានជ័យ បានថ្លែងជាសាធារណៈនៅកន្លែងទទួលពលករខ្មែរនាច្រកព្រំដែន ប៉ោយប៉ែត កាលពីម្សិលមិញថា អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងរបស់រដ្ឋ បានចំណាយប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិកហើយ ទៅលើការផ្ដល់សេវាទទួល ផ្តល់ម្ហូបអាហារ ថ្នាំសង្កូវ និងដឹកជញ្ជូនពលករខ្មែរ ពី ប៉ោយប៉ែត ទៅដល់លំនៅឋានតាមខេត្តនានា ចាប់តាំងពីថ្ងៃ ទី៦ ដល់ថ្ងៃ ទី១៨ មិថុនា ដែលការការចំណាយនេះ មិនគិតលើការឧបត្ថម្ភដល់អ្នកផ្ដល់សេវាជាង ២០០០ នាក់ និងសេវាដឹកជញ្ជូនដោយរថយន្តជាង ៣០០ គ្រឿង បានដឹកប្រមាណ ៣.០០០ ជើងទេ។

លោកបានឲ្យដឹងទៀតថា លោកអំពាវនាវឲ្យសមត្ថកិច្ច និងដៃគូអភិវឌ្ឍន៍បន្តជួយផ្ដល់សេវានានាក្នុងការទទួល និងដឹកជញ្ជូនពលករខ្មែរ ពី ប៉ោយប៉ែត រហូតដល់ផ្ទះ ដោយពុំត្រឹមជួយពេលនេះទឹក ១ ដប បាយ ១ កញ្ចប់ទេ គឺបន្តជួយសុវត្ថិភាព សុខភាព បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជួយផ្ដល់ការងារធ្វើជូនពលករទាំងនោះ។
ចំណែកអង្គការ ខារ៉ាម កម្ពុជា ក៏បានបង្កើតមូលនិធិសង្គ្រោះបន្ទាន់ និងអំពាវនាវដល់សាធារណជនជួយបរិច្ចាគជាស្បៀង ថវិកា និងសម្ភារផ្សេងៗសម្រាប់ជួយដល់ពលករចំណាកស្រុកខ្មែរ ដែលត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ។

រីឯលោក ស ខេង បានថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតដែលធ្វើឡើងនៅរាជធានី ភ្នំពេញ កាលពីថ្ងៃ ទី១៧ ថា រាជរដ្ឋាភិបាលកម្ពុជា ខកចិត្តចំពោះមេដឹកនាំយោធាថៃដែលបានបញ្ជូនពលករខ្មែរ មកស្រុកកំណើតវិញទាំងតក់ក្រហល់ដោយមិនបានជូនដំណឹង និងសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ លោក ស ខេង បានមានប្រសាសន៍ឲ្យដឹងទៀតថា៖ «ករណីនេះភាគីថៃត្រូវតែទទួលខុសត្រូវ»។

ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃ១៩ មិថុនា។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា