លេខាខុមហ្រ្វែលខេត្តកំពង់ស្ពឺ បានរៀបចំប្រជុំតុមូលយុវជន ស្តីពី យុវជន និងអំពើពុករលួយនយោបាយ កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៤ នៅភូមិអង្គសិរី សង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង លើកទឹកចិត្ត យុវជនឲ្យចូលរួមក្នុងកំណែទម្រង់ការបោះឆ្នោត និងបន្ថែមការយល់ដឹងដល់ពួកគាត់ឲ្យយល់ដឹងពីតួនាទីដ៏មានសារៈសំខាន់ នៅក្នុងការចូលរួមបោះឆ្នោតព្រមទាំងប្រមូលមតិយោបល់ ក៏ដូចជាអនុសាសន៍នានាពីយុវជន ដើម្បីធ្វើឱ្យប្រសើរឡើង សម្រាប់ការរៀបចំការបោះឆ្នោត អណត្តិក្រោយទៀត។ ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីយុវជន សរុបចំនួន១២នាក់ ស្រី៣នាក់។
ជាលទ្ធផលនៃការជជែកពិភាក្សា លើការអង្កេតការប្រើប្រាស់ធនធានរដ្ឋ/ហិរញ្ញវត្ថុយុទ្ធនាការឃោសនានយោបាយ មតិយោបល់ដែលយើងទទួលបានពីអង្គប្រជុំក្នុងនោះមាន៖
• ការប្រើប្រាស់ធនធានរបស់រដ្ឋ៖ ត្រូវមានការកំណត់ឲ្យបានច្បាស់លាស់នៅក្នុងច្បាប់បោះឆ្នោត ទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ និងការបោះផ្សេងៗទៀតដែលមានចែងក្នុងច្បាប់។ សុំឲ្យមានវេទិកាសួរដេញដោលរវាងយុវជន ប្រជាពលរដ្ឋជនពិការ ជនជាតិដើមភាគតិច និងមន្រ្តីរដ្ឋាភិបាលជាអ្នកធ្វើច្បាប់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណៈជន។
• ហិរញ្ញវត្ថុក្នុងការធ្វើយុទ្ធនាការឃោសនានយោបាយ៖ សុំឲ្យបង្កើតច្បាប់ស្តីពី ហិរញ្ញវត្ថុគណបក្សនយោបាយ ដើម្បីធានាភាពស្មើគ្នា គ្រប់គណបក្សនយោបាយ ហើយត្រូវឲ្យមានការផ្តល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសយុវជន។ ឃោសនាបោះឆ្នោតសុំកុំឲ្យមានការរើសអើងគណបក្សនយោបាយ ត្រូវតែផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានទទួលពត៌មានតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឲ្យដឹងពីអ្វីដែលកើតឡើងក្នុងប្រទេស។
(រៀបរៀង និងផ្តល់របាយការណ៍ដោយលេខាខុមហ្វ្រែលខេត្តកំពង់ស្ពឺ)
កិច្ចពិភាក្សា ជាមួយក្រុមយុវជន (រូបថត៖ លេខាខុមហ្វ្រែលកំពង់ស្ពឺ)