នៅវេលាម៉ោង ៨ព្រឹកនេះ រដ្ឋសភាជាតិ បានបន្តសម័យប្រជុំពេញអង្គលើកទី២ នីតិកាលទី៥ របស់ខ្លួនក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលមានរបៀបវារៈចំនួន ៤ច្បាប់ដោយមានការចូលរួមពីតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជាចំនួន ៦៥រូប។
សេចក្តីព្រាងច្បាប់ចំនួន ៤ច្បាប់ ដែលរដ្ឋសភា យកមកពិភាក្សា និងអនុម័តក្នុងសម័យប្រជុំពេញអង្គ លើកទី២នេះមានដូចជាៈ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកយុត្តិធម៌ក្នុងវិស័យរដ្ឋប្បវេណី រវាងកម្ពុជា និងវៀតណាម សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័នរវាងកម្ពុជានិងវៀតណាម សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ និងសេចក្តីព្រាងច្បាប់ស្តីពីការធានារ៉ាប់រង។
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣ច្បាប់ ដោយច្បាប់នីមួយៗបានទទួលសម្លេង គាំទ្រចំនួន ៦៥សម្លេង។ ការអនុម័តសេចក្តីព្រាងច្បាប់នេះរដ្ឋសភាបានចំណាយរយៈពេល ៣ម៉ោងដើម្បីអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣ ក្នុងនោះច្បាប់សំខាន់ចំនួន ២ច្បាប់រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកយុត្តិធម៌ក្នុងវិស័យរដ្ឋប្បវេណីរវាងកម្ពុជា និងវៀតណាម និង សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីបត្យាប័នរវាងកម្ពុជានិងវៀតណាម រដ្ឋសភាមិនមានការពិភាក្សានោះទេគឺអនុម័តយកតែម្តង។
កិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ រដ្ឋសភាមានតំណាងរាស្រ្តចំនួន ៣រូបបានចំណាយពេល៣០នាទីក្នុងម្នាក់ដើម្បីចំណាយពេលឡើងបញ្ចេញមតិរបស់ខ្លួន។
សូមបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីការធានារ៉ាប់រងមាន ១៤ជំពូក សភាទើបតែអនុម័តបាន ៥ជំពូកនោះទេដោយបញ្ចប់អង្គប្រជុំនៅវេលាម៉ោង ១១:៣០នាទី និងមានការបន្តសម័យប្រជុំពេញអង្គលើកទី២នីតិកាលរបស់ខ្លួននៅព្រឹកស្អែកខាងមុខនេះវេលាម៉ោង ៨ព្រឹក។