យោងតាមគេហទំព័រដឹខេមប៊ូឌាដេលីជាខេមរភាសារចេញផ្សាយថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៤ បានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋសភាឯកបក្សបានអនុម័តផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រថ្នាក់ជាតិ (NSDP) ឆ្នាំ២០១៤-២០១៨ ដែលនឹងចំណាយអស់ប្រមាណ២៦,៥៨ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងធ្វើបត្យាប័នមួយរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម ក៏ត្រូវបានអនុម័តដែរ។
ដោយត្រូវទីស្តីការគណៈរដ្ឋមន្ត្រីអនុម័តនៅដើមខែនេះ វាជាលើកដំបូងហើយ ដែល NSDP ជាផែនការលម្អិតរបស់រដ្ឋាភិបាលសម្រាប់គោលនយោបាយនិងចំណុចដៅ អភិវឌ្ឍន៍ជាតិ ត្រូវ បានជំរុញឲ្យចេញតាមរយៈរដ្ឋសភាដោយគ្មានវត្តមានតំណាង រាស្រ្តគណបក្សប្រឆាំង។
គេហទំព័រដដែលនេះបានបន្តថា លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងទៅកាន់អង្គសភាថា ដោយប្រើប្រាស់ហិរញ្ញវត្ថុក្នុងស្រុកនិងក្រៅស្រុក រួមទាំងការវិនិយោគទុនពីវិស័យសាធារណៈ និងឯកជនផងនោះ ផែនការរយៈពេលប្រាំឆ្នាំប្រកបដោយមហិច្ឆតានេះ នឹងត្រូវការថវិកាប្រមាណ៥,៣ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីបន្តដំណើរការទៅមុខ។
លោកបានមានប្រសាសន៍តាមរយៈការអានសេចក្តីថ្លែងការណ៍មួយថា” កំណែទម្រង់ NSDP បានក្តោបលើវិស័យស្ទើរតែទាំងអស់រួចទៅហើយ ហើយការវិនិយោគលើហេដ្ឋារចនាសម័្ពន្ធសំខាន់ៗ បានបង្កើតបរិយាកាសមួយ ដែលធ្វើឲ្យវិនិយោគិនក្នុងស្រុកនិងក្រៅស្រុកចាប់អារម្មណ៍លើកម្ពុជា”។ លោកបានបន្តថា “ជាលទ្ធផល ជីឌីភី (ផលិតផលក្នុងស្រុកសរុប) ក្នុងមនុស្សម្នាក់ៗបានកើនឡើងដល់ប្រហែល១.០៤០ដុល្លារ នៅដំណាច់ឆ្នាំ២០១៣ ហើយបានធ្វើឲ្យអត្រាភាពក្រីក្រធ្លាក់ចុះមកនៅក្រោម២០ភាគរយ ក្នុងឆ្នាំ២០១៤”។
លោកមានប្រសាសន៍ថា ផែនការថ្មីនេះមានបំណងបង្កើតមូលដ្ឋានសេដ្ឋកិច្ចធំទូលាយមួយ នៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើឲ្យផលិតកម្មមានលក្ខណៈសម្បូរបែប ដោយផ្តោតលើវិស្វកម្ម ពង្រីកឧស្សាហកម្មអេឡិចត្រូនិក និងវាយនភណ្ឌ និងធ្វើឲ្យការភ្ជាប់បណ្តាញអគ្គិសនីប្រសើរឡើង។ លោកបានលើកឡើងទៀតថា ការអភិវឌ្ឍធនធានមនុស្សនិងវិស័យកសិកម្មគឺជាចំណុចផ្តោតជាពិសេស នៅក្នុងយុទ្ធសាស្ត្រនេះ។ លោកថ្លែងថា ” យើងបានត្រៀមការវិនិយោគទុនរួចហើយ ដោយក្នុងនោះមាន៦០ភាគរយត្រូវបានលៃទុកសម្រាប់តំបន់ជនបទ និង៤០ភាគរយសម្រាប់អភិវឌ្ឍតំបន់ប្រជុំជននិងក្រុង”។
នៅមុនពេលអនុម័ត NSDP តំណាងរាស្ត្រ៦៥រូបរបស់គណបក្សប្រជាជនកម្ពុជា ដែលមានវត្តមាននៅក្នុងសភាបានអនុម័តជាឯកច្ឆន្ទនូវច្បាប់ស្តីពី ជំនួយផ្លូវច្បាប់ក្នុងសំណុំរឿងរដ្ឋប្បវេណីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ចំណែកឯសន្ធិសញ្ញាធ្វើបត្យាប័នមួយក៏ត្រូវបានចុះហត្ថលេខាដែរ ក្នុងកិច្ចប្រឹងប្រែងព្យាយាមទប់ស្កាត់បទល្មើសឆ្លងដែន។រដ្ឋសភា បន្តសម័យប្រជុំរបស់ខ្លួននៅថ្ងៃនេះដើម្បីពិនិត្យផ្ទៀងផ្ទាត់ច្បាប់ ធានារ៉ាប់រងថ្មីមួយក្នុងគោលបំណងធ្វើនិយតកម្មលើវិស័យក្មេង ខ្ចីនេះ។