ត្រឡប់ក្រោយ

រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន សន្យា​ជួយ​ធ្វើ​កំណែ​ទម្រង់ប្រព័ន្ធ​បោះឆ្នោត​

រដ្ឋមន្ត្រីការបរទេស ជប៉ុន លោកហ្វីមីអូគីស៊ីដា បានសន្យាជួយបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាដែលអូសបន្លាយជាង១១ខែ មកនេះ និងជួយធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតឲ្យគ្រប់ភាគីអាចជឿ ទុកចិត្តបាន។

ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយសមភាគីកម្ពុជា លោក ហោ ណាំហុង នៅទីស្ដីការក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃទី៣០ខែមិថុនា ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង មានប្រសាសន៍ថា ជប៉ុនគឺជាប្រទេសលំដាប់ទី១ដែលតែងតែជួយកម្ពុជានាពេលកន្លងមក ហើយទំនាក់ទំនងប្រទេសទាំងពីរបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា ។ លោកបានបញ្ជាក់ពីកម្រោងក្នុងការបង្កើតក្រុមឧត្ដមមន្ត្រី ដើម្បីពីគ្រោះយោបល់ពីបញ្ហានយោបាយ និងយោធារវាងប្រទេសទាំងពីរ។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រាប់VODថា លោកស្វាគមន៍វត្តមានរបស់ជប៉ុនក្នុងការដោះស្រាយវិបត្តិនយោបាយនៅ កម្ពុជាលោកស្នើឲ្យជប៉ុនធ្វើការដោះស្រាយដោយប្រកាន់ជំហរអព្យាក្រិត និងត្រូវពិគ្រោះយោបល់ពីភាគីទាំងពីរនៅកម្ពុជា ដើម្បីឲ្យការដោះស្រាយនេះប្រកបដោយជោគជ័យ។

អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថាជប៉ុនមិនអាចបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាបានទេ ព្រោះគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ចង់ដោះស្រាយបញ្ហា តែប្រកាន់ជំហររឹងខ្លាចខូចប្រយោជន៍ «រឿងជួយដំណោះស្រាយជាប់គាំង នយោបាយហ្នឹង គឺយើងស្វាគមន៍ ឥឡូវនេះ គឺជាប់គាំង ហើយតាមមើលទៅទាំងសងខាងត្រូវការដោះស្រាយឲ្យឆាប់ៗដែរ។ ក៏ប៉ុន្តែមុខមាត់រៀងខ្លួន មិនជឿខ្មែរខ្លួនឯង អត់ហ៊ានឈោងដៃចាប់ដៃខ្មែរគ្នាឯង នោះត្រូវទាមទារអ្នកទីបី»។

ដកស្រង់ពីគេហទំព័ត៌វីអូឌី ចេញផ្សាយថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា