ត្រឡប់ក្រោយ

អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិអំ​ពាវនាវ​ឲ្យព្រះ​មហាក្សត្រ​រៀបចំ​សមាជជាតិ ​ដើម្បី​បញ្ចប់​ការចោទ​ប្រកាន់គ្នារវាង​គណបក្សនយោបាយជាប់ឆ្នោតទាំងពីរ​

មេដឹកនាំគណបក្សប្រឆាំង បានអំពាវនាវដល់ព្រះមហាក្សត្រ រៀបចំសមាជជាតិជាសាធារណៈ នៅចំពោះមុខសាធារណជនដើម្បីបញ្ចប់ការចោទប្រកាន់គ្នាទៅវិញទៅមក រវាងគណបក្សប្រឆាំង និងគណបក្សកាន់​អំណាចទាក់ទង​នឹងវិបត្តិនយោបាយដែលបានអូសបន្លាយ អស់រយៈពេលជិតមួយឆ្នាំមកនេះ។

លោកបានថ្លែងប្រាប់បែបនេះទៅកាន់មនុស្សរាប់រយនាក់ក្នុងអំឡុងពេលចុះទៅ ខេត្តព្រៃវែង កាលពីថ្ងៃអាទិត្យទី២៩ មិថុនា ។

លោកបន្តថា ដើម្បីបញ្ចប់ការចោទប្រកាន់គ្នានេះ តាងនាមឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ លោកបានអំពាវនាវដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី សូមឲ្យព្រះអង្គរៀបចំសមាជនៅកន្លែងសាធារណៈដោយកោះមេដឹកនាំគណបក្ស នយោបាយទាំងអស់ឲ្យចូលរួមសមាជជាតិនេះ។ លោកបញ្ជាក់ថា៖ «ឥឡូវនេះខ្ញុំសូមទូលសុំព្រះមហាក្សត្របង្កើតសមាជជាតិ តាមរដ្ឋធម្មនុញ្ញ។ ក្នុងរបបសម្តេចឪ នរោត្តម សីហនុ មានសមាជជាតិ។ ប្រសិនបើមានបញ្ហាធំៗយកទៅដាក់ក្នុងសមាជជាតិ»។

លោក កឹម សុខា បន្តថា៖ «ហើយខ្ញុំធានាអញ្ជើញប្រជាពលរដ្ឋយ៉ាងតិច ១ លាននាក់ សម្រាប់សមាជជាតិ។ នេះគឺដើម្បីដឹងសខ្មៅ ហើយប្រសិនបើខ្ញុំមិនអាចរកប្រជាពលរដ្ឋ ១ លាននាក់សម្រាប់ចូលរួមសមាជជាតិបានទេនោះ ខ្ញុំយល់ព្រមចាញ់មុនពេលប្រយុទ្ធ»។

ទន្ទឹមនឹងនេះ លោកបានស្នើសុំគណបក្សប្រជាជនកុំហាមឃាត់ប្រជាជនមិនឲ្យចូលរួម សមាជ និងថាការជជែកនៅក្នុងសមាជជាតិ មេដឹកនាំ និងអ្នកនយោបាយត្រូវតែទទួលខុសត្រូវជាសាធារណៈ ហើយក៏ត្រូវមានទូរទស្សន៍ផ្សាយបន្តផ្ទាល់ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋមើល និងលើកជាសំណួរ។

ប្រភពពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃទី០១ កក្កដា ឆ្នាំ២០១៤។

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា