ប្រភពពីមន្រ្តីក្រសួងយុត្តិធ៌មបានឲ្យដឹងនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤នេះ ទណ្ឌិតថៃ ដែលកំពុងជាប់ក្នុងពន្ឋនាគារព្រៃស លោកវីរ៉ា ស៊ុមក្វាមឃីដ បានត្រូវ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យលើកលែងទោសហើយ តាមសំណើ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីជាប់ពន្ធនាគារនៅកម្ពុជា អស់ជាច្រើនឆ្នាំ។
យ៉ាងណាក៏ដោយគេមិនទាន់ពីមូលហេតុពិតបា្រកដនៃការលើកលែងទោស ទណ្ឌិតថៃរូបនេះនៅឡើយទេ ដោយសារ ពុំទាន់មានព្រះរាជក្រឹត្យជាផ្លូវការ។ ចំណែកប្រធានពន្ឋនាគារព្រៃស (ម១) លោក ស្រ៊ុន លាង បានឲ្យដឹងដែរថា លោកក៏បានទទួលដំណឹងនេះដែរ។
អតីតមេដឹកនាំចលនា ថៃអាវលឿង លោក វីរ៉ា ស៊ុមក្វាមឃីដ និង អ្នកទោសថៃ ០៦នាក់ផ្សេងទៀត ត្រូវបានសាលាដំបូង រាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ បានសម្រេចផ្តន្ទាទោស ដាក់ពន្ឋនាគារក្នុងម្នាក់ពី៦ឆ្នាំទៅ៨ឆ្នាំពីបទ ចារកម្ម ចូលទឹកដីខ្មែរដោយខុសច្បាប់ និងចូលតំបន់យោធាខ្មែរដោយខុសច្បាប់។
យោងតាមគេហទំព័រសម្លេងសារព័ត៌មានសេរីចេញផ្សាយថ្ងៃទី០១ កក្កដា ឆ្នាំ២០១៤។