កាលពីម្សិលមិញ អំឡុងទិវាមច្ឆជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសុន្ទរកថាធ្ងន់ៗរិះគន់គណបក្សសង្គ្រោះជាតិ ដោយប្រៀបធៀបគណបក្សនេះទៅនឹងក្រុមសង្គមងងឹតម៉ាហ្វីយ៉ា ហើយស្នើឲ្យគណបក្សនេះបង្កើតរដ្ឋមួយផ្សេងទៀតនៅ ” ឋានព្រះចន្ទ”។
លោកមានប្រសាសន៍ថា ” យើងនៅតែបើកទ្វារចំហសម្រាប់ការចរចា ប៉ុន្តែអ្នកឯងមិនត្រូវនិយាយរឿងពីរភាគបីទេ។ អ្នកឯងនិយាយថា បើអ្នកឯងមិនបានពីរភាគបី អ្នកឯងនឹងមិនចូល [សភា] ហីទៅ។ ឥឡូវអ្នកឯងមិនទាន់ចូល ខ្ញុំមិនទាន់ងាប់ឯណា ប្រជាជនខ្មែរក៏មិនទាន់ងាប់ដែរ។ ធ្វើឯងដូចជាមេម៉ាហ្វីយ៉ាម៉េច បានសំឡេងប៉ុណ្ណឹង ចាញ់គេ រួចហើយមកបង្ខំគេឲ្យធ្វើតាមខ្លួន”។
លោកបានមានប្រសាសន៍បន្តទៀតថា ការទាមទារពីរភាគបី គឺកាន់តែធ្វើឲ្យជាប់គាំងទៅវិញទេ និង “សម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។ គណបក្សប្រឆាំងអះអាងថា វាជាវិធីតែមួយគត់ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជាមិនបន្តគ្រប់គ្រងប្រព័ន្ធបោះឆ្នោត។
នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ លោក ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលសុំបង្កើតស្ថានីយទូរទស្សន៍មួយដើម្បីទប់ទល់នឹងស្ថានីយ ទូរទស្សន៍ភាគច្រើននាពេលបច្ចុប្បន្នដែលលម្អៀងទៅរកគណបក្សប្រជាជន កម្ពុជា។ គណបក្សសង្គ្រោះជាតិបានច្រានចោលភ្លាមៗនូវសម្បទានដ៏តូចតាចនេះ ហើយបានលើកឡើងថា ខ្លួនត្រូវតែមានចំណែកចូលរួមនៅក្នុងការធ្វើកំណែទម្រង់ដែលមាន លក្ខណៈទូលំទូលាយជាងនេះឆ្ងាយ។
រដ្ឋាភិបាលបានហាមប្រាមការតវា៉កាលពីដើមខែមករា បន្ទាប់ពីគណបក្សសង្គ្រោះជាតិធ្វើការហែក្បួនជាបន្តបន្ទាប់នៅទូទាំង រាជធានីភ្នំពេញ ដើម្បីអំពាវនាវឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាច និងបាតុកម្មក្នុងវិស័យកាត់ដេរដើម្បីទាមទារដំឡើងប្រាក់ខែ ដែលគាំទ្រដោយគណបក្សសង្គ្រោះជាតិ ហើយបាតុកម្មមួយចំនួនក្នុងចំណោមនោះបានផ្ទុះអំពើហិង្សា។
ប្រភពពីគេហទំព័តដឹខេមប៊ូឌាដេលីចេញផ្សាយថ្ងៃទី០២ កក្កដា ឆ្នាំ២០១៤។