ក្រុមប្រឹក្សាធម្មនុញ្ញ នៅសបា្ដហ៍ក្រោយ អាចនឹងបញ្ចប់ ដំណើរការត្រួតពិនិត្យលើអត្ថបទច្បាប់ ចំនួន ៣ ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ។ នេះបើតាមការបញ្ជាក់របស់លោក ព្រហ្ម ញាណវិចិត្រ សមាជិក និងជាអ្នកនាំពាក្យ ក្រុមប្រឹក្សាធម្មនុញ្ញ ។
លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២៨មិថុនាថា សមាជិកក្រុមប្រឹក្សា ធម្មនុញ្ញដែលមានសមាសភាព ៩ រូប បានចែកជាបីក្រុម ដើម្បីត្រួតពិនិត្យ លើធម្មនុញ្ញភាពលើអត្ថបទច្បាប់ទាំង៣ យ៉ាងយកចិត្ដទុកដាក់ ។ រហូតដល់ថ្ងៃ សៅរ៍ ទី២៨មិថុនា ក្រុមការងារនីមួយៗ កំពុងត្រួតពិនិត្យលើអត្ថបទច្បាប់ទាំង នោះមួយមាត្រាម្ដងៗ ។ តែមិនទាន់ រកឃើញយ៉ាងណានៅឡើយទេ ។
លោក ព្រហ្ម ញាណវិចិត្រ បាន បន្ដថា អាចនៅសបា្ដហ៍ក្រោយ ( ចាប់ពី ថ្ងៃចន្ទ ទី៣០មិថុនា ) ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបញ្ចប់ដំណើរការត្រួតពិនិត្យលើ អត្ថបទច្បាប់ទាំងបីនោះ ហើយនឹងចេញ សេចក្ដីសម្រេច ។ ជាសេចក្ដីសម្រេច ថាតើអត្ថបទច្បាប់ទាំងនោះ មានធម្មនុញ្ញ ភាព ឬអធម្មនុញ្ញភាព ពោលគឺស្របតាម រដ្ឋធម្មនុញ្ញ ឬក៏ផ្ទុយពីរដ្ឋធម្មនុញ្ញ?
ច្បាប់ទាំងបីនោះរួមមាន ៖អត្ថបទ ច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ,អត្ថបទច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា រួមទាំងអត្ថបទច្បាប់ស្ដី ពីការរៀបចំ និងប្រព្រឹត្ដទៅនៃឧត្ដមក្រុម ប្រឹក្សាអង្គចៅក្រម ។
កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ ២០១៤ ចំថ្ងៃខួបនៃការបង្កើតក្រុម ប្រឹក្សាធម្មនុញ្ញកម្ពុជាអង្គការសិទ្ធិមនុស្ស លីកាដូ បានស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញ សូមមេត្ដាបដិសេធច្បាប់ថ្មីចំនួនបីដែល ក្នុងអត្ថន័យបច្ចុប្បន្នមានការប៉ះពាល់ ដល់ឯករាជ្យភាព នៃប្រព័ន្ធតុលាការ ។
ដកស្រង់ពីគេហទំព័ត៌រស្មីកម្ពុជាចេញផ្សាយថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៤។