នៅក្នុងពិធីប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីជនពិការ ២០១៤-២០១៨ នៅថ្ងៃទី៣ លោក ហ៊ុន សែន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងផ្ញើសារនយោបាយជាថ្មីម្ដងទៀតថា លោកនឹងប្រើច្បាប់បោះឆ្នោតចាស់ ដែលមានជាធរមានក្នុងការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ បើសិនជាគណបក្សសង្គ្រោះជាតិ នៅតែមិនព្រមចូលសភា។
អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា បើសិនជារដ្ឋាភិបាលឯកបក្សបច្ចុប្បន្ន មិនធ្វើកំណែទម្រង់ គ.ជ.ប ទេ ហើយប្រើច្បាប់បោះឆ្នោតចាស់ដដែលនោះ កម្ពុជា នឹងក្លាយជាប្រទេសឯកោ ដែលអន្តរជាតិនឹងមិនទទួលស្គាល់ទេ។
មន្ត្រីឃ្លាំមើលការបោះឆ្នោត ចាត់ទុកសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាលើកទីពីរ គំរាមប្រើច្បាប់បោះឆ្នោតចាស់ដែលមានជាធរមាន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នោះ ថាជាយុទ្ធសាស្ត្រចរចារបស់គណបក្សប្រជាជនកម្ពុជា។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការលើកឡើងរបស់ លោក ហ៊ុន សែន នេះ ឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា មិនចង់ធ្វើកំណែទម្រង់ការបោះឆ្នោតទេ។ យ៉ាងនេះក្ដី លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែទាមទារឲ្យមានការកែទម្រង់ គ.ជ.ប ដដែល បើពុំនោះទេ គណបក្សសង្គ្រោះជាតិ នឹងសម្រេចថា តើត្រូវធ្វើបាតុកម្មទៀត ឬយ៉ាងណា នៅក្នុងមហាសន្និបាតគណបក្សពេលខាងមុខ។
ការចរចារវាងគណបក្សទាំងពីរ កាលពីថ្ងៃទី១២ មិថុនា កន្លងទៅមកទល់ពេលនេះ គណបក្សទាំងពីរមិនទាន់បានកំណត់ពេលជួបគ្នាទៀតនៅឡើយ គឺស្ថិតនៅទ្រឹងនៅឡើយ ដែលតំណាងគណបក្សទាំងពីរបានខ្វែងគំនិតគ្នាលើការកែទម្រង់ គ.ជ.ប។ ខាងគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការជ្រើសរើសសមាជិក គ.ជ.ប ដោយយករូបមន្តអនុម័តក្នុងសភាសំឡេង ២ភាគ៣។ ដោយឡែកខាងគណបក្សប្រជាជនកម្ពុជា វិញចង់បានការបោះឆ្នោតជ្រើសរើសសមាជិក គ.ជ.ប នោះ ដោយសំឡេង៥០ភាគរយបូក១ ឬសំឡេងភាគច្រើនដាច់ខាត នៃសមាជិកសភាទាំងមូល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការជ្រើសតាំងសមាជិក គ.ជ.ប ដោយរូបមន្តអនុម័តសំឡេងក្នុងសភាសំឡេង ២ភាគ៣ នេះ គឺជាការបំផ្លាញប្រជាធិបតេយ្យទៅវិញទេ។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត ពន្យល់ថា ការអនុម័តច្បាប់ដោយយកសំឡេង ២ភាគ៣ នេះ ជារឿងចាំបាច់នៅក្នុងសង្គមប្រជាធិបតេយ្យ មិនថាការបោះឆ្នោតជ្រើសរើសសមាជិក គ.ជ.ប ទេ គឺការអនុម័តច្បាប់ផ្សេងៗទៀត ត្រូវតែអនុវត្តដោយសំឡេង ២ភាគ៣ ទើបឆ្លុះបញ្ចាំងអំពីរបបប្រជាធិបតេយ្យសេរីពិតប្រាកដ។
ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរីជាខេមរភាសារចេញផ្សាយថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៤។