យោងតាមគេហទំព័រសម្លេងសារព័ត៌មានសេរីចេញផ្សាយថ្ងៃទី០៥ កក្កដា បានដកស្រង់សំដី លោក ឈាង វុន ដែលបានលើកឡើងថា ទ្វារចរចារបស់គណបក្សប្រជាជនកម្ពុជានៅតែបើកចំហ និងចំពោះការចរចាជាថ្មី។
លោកបានផ្ដល់ជាទស្សនៈ ផ្ទាល់ខ្លួនថា ដើម្បីជាចំណុចកណ្ដាល នៃការជ្រើសរើសសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប) នោះ គឺបែងចែកឱ្យគណបក្ស ប្រជាជនកម្ពុជា ៥៥ភាគរយនិងគណបក្សសង្គ្រោះជាតិ ៤៥ភាគរយបន្ទាប់មកដាក់ឱ្យសភាអនុម័ត។
គេហទំព័រដដែលបានបន្តថាផ្សាយបន្តថា មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និងជាបេក្ខជន តំណាងរាស្ដ្រជាប់ឆ្នោតមានប្រសាសន៍ នៅថ្ងៃទី០៤ ខែកក្កដា ថា គណបក្សសង្គ្រោះជាតិចង់ឱ្យតំណាងគណបក្សទាំងពីរជួបគ្នាពិភាក្សាគ្នា បន្ដទៀតលើចំណុចដែលតំណាងគណបក្សទាំងពីរមិនទាន់ ឯកភាពគ្នានោះ។ លោក អេង ឆៃអ៊ាង អះអាងថា ការចរចាមិនមែនជាការទាមទារដាច់ណាត់នោះទេគឺត្រូវតែរកវិធី កណ្ដាល មួយ ដើម្បីរកច្រកចេញ។
គណបក្សជាប់ឆ្នោតទាំងពីរ បានផ្អាកការចរចានៅក្រោយពេលជួបគ្នានៅថ្ងៃទី១២ ខែមិថុនា ហើយបានខ្វែងគំនិតគ្នា លើការជ្រើសរើសសមាជិកគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សសង្គ្រោះជាតិចង់ឱ្យមានសំឡេង អនុម័តក្នុងសភាតាមរូបមន្ដ ២ភាគ៣ រីឯគណបក្សប្រជាជនកម្ពុជាចង់បាន ៥០ភាគរយបូក១ ឬសំឡេងភាគច្រើន ដាច់ខាតនៃសំឡេងសភាទាំងមូល។