ត្រឡប់ក្រោយ

អនុ​ប្រធាន​បក្ស​សង្រ្គោះ​ជាតិ​ប្រកាស​បង្កើត​មជ្ឈ​មណ្ឌល​កត់​ត្រា​ព្រឹត្តិ​ការណ៍​ឧក្រិដ្ឋ​កម្ម​ នៅ​កម្ពុជា​

ក្នុងពិធីរម្លឹកខួបថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧ នាព្រឹកថ្ងៃសៅរ៍ លោកកឹមសុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានប្រកាសបង្កើតមជ្ឈមណ្ឌលកត់ត្រាព្រឹត្តិការណ៍ឧក្រិដ្ឋកម្ម នៅកម្ពុជា។ ជាកន្លែងសម្រាប់កត់ត្រា និងតម្កល់នូវឯកសារនៃអំពើឧក្រិដ្ឋកម្ម ចាប់ពីឆ្នាំ១៩៩៣ ពាក់ព័ន្ធនឹងរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោកបានប្រកាសថាការបង្កើតមជ្ឈមណ្ឌលឯកសារនេះ ដើម្បីបំបាត់វប្បធម៌និរទណ្ឌភាពនៅកម្ពុជា ហើយដែលត្រូវបានធ្វើឡើង ដោយយកលំនាំតាមប្រទេសកូរ៉េខាងត្បូង ពេលលោកបានទៅសិក្សាស្វែងយល់កាលពីពេលថ្មីៗនេះ។។

លោក កឹមសុខា បានលើកឡើងថា មជ្ឈមណ្ឌលកត់ត្រាព្រឹត្តិការណ៍ឧក្រិដ្ឋកម្មនោះ មានទីតាំងនៅក្រៅប្រទេស ហើយកត់ត្រា និងផ្ទុកឯកសារពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋសម្លាប់មនុស្ស នៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ រួមមាន៖ ព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧ ព្រឹត្តិការណ៍ផ្ទុះគ្រាប់បែក ថ្ងៃ៣០មីនា ឆ្នាំ១៩៩៨ ការសម្លាប់លោកជាវិជ្ជានៅឆ្នាំ២០០៤ រួមទាំងព្រឹត្តិការណ៍បង្ក្រាប បាញ់សម្លាប់កម្មកររោងចក្រ នៅថ្ងៃទី២ និងថ្ងៃទី៣មករា ឆ្នាំ២០១៤ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។
 
អំពើឧក្រិដ្ឋទាំងនោះ ត្រូវបានលោកកឹមសុខា លើកឡើងថា ពាក់ព័ន្ធនឹងរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

តាមមេដឹកនាំបក្សប្រឆាំង មជ្ឈមណ្ឌលកត់ត្រាអំពើឧក្រិដ្ឋកម្មនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ មិនមែនជាការកុំគួនលើជនណាទេ តែដើម្បីកុំឲ្យអំពើឧក្រិដ្ឋកម្ម កើតឡើងទៀត នៅកម្ពុជា។ ម្យ៉ាងក៏ដើម្បីបំបាត់វប្បធម៌រួចទោស ហើយទុកជាឯកសារដល់កូនចៅជំនាន់ក្រោយ ដើម្បីស្វែងយល់។

ដកស្រង់ពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារចេញផ្សាយថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៤។

លោក កឹម សុខា ថ្លែងក្នុងពិធីគោរពវិញ្ញាណក្ខន្ធ (រូបថត៖ ឡាយ សាមាន)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា