ត្រឡប់ក្រោយ

អ្នក​សហគមន៍​តវ៉ា​ដីធ្លី​ ដាក់​ពាក្យ​ប្តឹងទៅអង្គភាពប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យជួយដោះស្រាយ​បញ្ហា​ដីធ្លី​ពួកគាត់​

ប្រជាពលរដ្ឋជាង២០០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា ថ្មគោល និងសហគមន៍មួយចំនួនទៀត នៅព្រឹកថ្ងៃចន្ទនេះ បានដាក់ពាក្យបណ្តឹងនៅអង្គភាពប្រឆាំង អំពើពុករលួយដើម្បីស្នើសុំឲ្យ អង្គភាពនេះបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការជួលដី និងកាត់ដីក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ទៅឲ្យក្រុមហ៊ុនស៊ូកាកូអ៊ី ន។
 
បុគ្គលដែលរងការចោទប្រកាន់ពីប្រជាសហគមន៍មានចំនួន១២នាក់ ក្នុងនោះមានលោក ឡាវ ម៉េងឃិន ប្រធានក្រុមហ៊ុនស៊ូកាកូអ៊ីន និងជាសមាជិកព្រឹទ្ធសភា អតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិម៉ា និងអភិបាលរាជធានីភ្នំពេញបច្ចុប្បន្ន លោក ប៉ា សុជាតិវង្ស រួមទាំង មន្ត្រីខណ្ឌ និងមន្ត្រីសង្កាត់មួយចំនួនទៀត។
 
ការចោទប្រកាន់នេះធ្វើឡើងដោយអ្នកភូមិបានយោងទៅលើចំណុចមួយចំនួនដូចជា ការលក់ដីបឹងកក់ចំនួន ១.៣ ហិចតាទៅឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ  HLH Group របស់សិង្ហបុរីនាពេលថ្មីៗនេះ ការសាងសង់បន្ទាយកងរាជអាវុធហត្ថនៅលើដីទំនាស់ក្នុងតំបន់បឹងកក់ និងករណីដែលលោក ឡាវ ម៉េងឃិន មានសិទ្ធិទទួលប្លង់កម្មសិទ្ធិដី នៅបឹងកក់ជាដើម។
 
តំណាងអង្គភាពប្រឆាំងអំពើពុករលួយ បានអនុញ្ញាត្តឲ្យតំណាងអ្នកភូមិចំនួន៧នាក់ចូលជួប និងព្រមទទួលយកនូវពាក្យបណ្តឹងនោះ។ លោក មាន កែវមុន្នី បានឲ្យដឹងថាខាងអង្គភាពប្រឆាំងអំពើពុករលួយនឹងពិចារណាដោះស្រាយលើពាក្យបណ្តឹងនេះ។ 
 
ការចោទប្រកាន់ទៅលើអភិបាលរាជធានី លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានឆ្លើយតបថា ការដាក់ពាក្យបណ្តឹងជាសិទ្ធិរបស់ប្រជាពលរដ្ឋ តែលោកអះអាងថា មិនបារម្ភចំពោះពាក្យបណ្តឹងនោះពីព្រោះសាលារាជធានីមានឯកសារ គ្រប់គ្រាន់ និងច្បាស់លាស់សម្រាប់ជាការតបត។

ដកស្រង់ពីគេហទំព័រវិទ្យុអន្តរជាតិជាខេមរភាសារចេញផ្សាយថ្ងៃទី០៧ កក្កដា នេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា